កិច្ចប្រជុំ​ផ្ទៃក្នុង ពិនិត្យ និង​ពិភាក្សា​ផ្តល់​ធាតុ​ចូល​លើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី

ភ្នំពេញ៖  ក្រសួងពាណិជ្ជកម្ម បានរៀបចំ​កិច្ចប្រជុំ​ផ្ទៃក្នុង ដើម្បី​ពិនិត្យ និង​ពិភាក្សា​ផ្តល់​ធាតុ​ចូល​លើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ។

កិច្ចប្រជុំ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ដែល​ដឹកនាំ​ដោយ​ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​អនុប្រធាន​ក្រុមការងារ​ចម្រុះ​រៀបចំ​គោលនយោបាយ​ស្វាយចន្ទី​កម្ពុជា និង​មានការ​ចូលរួម​ពី​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ លោក​អគ្គនាយក​ស្តីទី​ពាណិជ្ជកម្ម​ក្នុងប្រទេស លោក​អគ្គនាយករង​ជំរុញ​ពាណិជ្ជកម្ម លោក​ប្រធាន-ប្រធានស្តីទី​នាយកដ្ឋាន-វិទ្យាស្ថាន​ពាក់ព័ន្ធ និង​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គោលនយោបាយ​ពាណិជ្ជកម្ម​ជាច្រើនរូប។

គោលបំណង​នៃ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ខាងលើ គឺ​ប្រែក្លាយ​កម្ពុជា​ឱ្យក្លាយ​ទៅជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ស្វាយចន្ទី​ដ៏​សំខាន់​មួយ សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក តំបន់ និង​ពិភពលោក។

អង្គ​ប្រជុំបាន​ពិនិត្យ​តាមរបៀប​វារៈ​នៃ​មាតិកានីមួយៗ ដោយ​ពិភាក្សា និង​ផ្តល់​ជា​ធាតុ​ចូល​យ៉ាង​ផុលផុស​លើ​ខ្លឹមសារសំខាន់ៗជាអាទិ៍ សេចក្តី​ផ្តើម ចក្ខុវិស័យ គោលដៅ​និង​គោលបំណង និង​យុទ្ធសាស្ត្រ​នៃ​គោលនយោបាយ​ជាតិ​ខាងលើ។

សម្រាប់​កិច្ច​ការបន្ត នាយកដ្ឋាន​នឹង​កែសម្រួល​ខ្លឹមសារ​ដែល​បាន​ឯកភាព ស្របតាម​ស្មារតី​អង្គប្រជុំ ដើម្បី​ដាក់ជូន​កិច្ចប្រជុំ​បន្ត​លើក​ក្រោយ៕

#អរគុណសន្តិភាព