អភិបាលខេត្ត​ពោធិ៍សាត់ បញ្ចេញ​អង្ករ​ជាង៦០០តោន ក្នុង​រយៈពេល៦ខែ ដើមឆ្នាំ២០២១  ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត ក្នុងអំឡុង​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩

ពោធិ៍សាត់៖ រយៈពេល៦ខែ គិត​ចាប់ពី​ខែមករា រហូតដល់​ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​បញ្ចេញ​អង្ករ​ជាង៦០០តោន ដល់​ស្រុក​ក្រុង​ទាំង៧ ទូទាំង​ខេត្ត ដើម្បី​ចែកជូន​ដល់​ជន​ចាស់ជរា​គ្មាន​ទីពឹង គ្រួសារ​ក្រីក្រ និង​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​របស់ខ្លួន ដែលមាន​ការខ្វះខាត ក្នុងអំឡុង​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ ។

បើតាម លោក ឃុ​ត ឧសភា នាយក​រដ្ឋបាល​ខេត្តពោធិ៍សាត់ បានឱ្យដឹងថា អង្ករ​ទាំងអស់នោះ គឺ​ទទួល​បានមក តាមរយៈ​សប្បុរសជន សហគ្រាស​នានា ទាំង​ក្នុង និង​ក្រៅ​ខេត្ត ដែល​បាន​ជួយ​គាំទ្រ​រាល់​សកម្មភាព​មនុស្សធម៌​នៅក្នុង​ខេត្ត ជាពិសេស​ក្នុងអំឡុង​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ ។

លោកនាយក​រដ្ឋ​បាលប​ន្ត​ថា មិន​ត្រឹមតែ​អង្ករ​ប៉ុណ្ណោះ​ទេ គឺ​នៅមាន​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​បរិក្ខា​ជាច្រើន​មុខ​ទៀត ដែល​សប្បុរសជន បាន​ជួយ​ជា​បន្តបន្ទាប់ ក្នុងការ​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា ចំពោះ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត។

លោកនាយក​រដ្ឋ​បាលប​ន្ថែ​ម​ថា នេះ​គឺជា​សិល្បៈ​នៃ​ការចែករំលែក សម្រាប់​អ្នកមាន​ច្រើន ត្រូវ​ចែក​ឱ្យ​អ្នកមាន​តិច, ហើយ​អ្នកមាន​តិច ត្រូវ​ចែក​ឱ្យ​អ្នក​ដែល​ក្រីក្រ​ខ្វះខាត​ជាង​នេះ​បន្តទៀត ដើម្បី​ភាពសុខដុមរមនា​ក្នុងសង្គម​តែមួយ គ្រួសារ​តែមួយ និង​រស់នៅ​ក្រោម​ដំបូល​សុខសន្តិភាព​តែមួយ៕

#អរគុណស្តិភាព