ប៉ា​គី​ស្ថាន​និយាយថា​នឹង​បិទទ្វារ​ប្រទេស​ប្រសិនបើ​តា​លី​បង់​ក្តោប​ក្តាប់​អាហ្គានីស្ថាន

បរទេស៖រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​បានធ្វើការ​លើកឡើងថា​អំពើហិង្សា​និង​សកម្មភាព​គ្មាន​ច្បាប់​ទំលាប់​គ្រប់គ្រង​នឹង​អាច​គ្របដណ្តប់​ទៅលើ​ប្រទេស​អាហ្គានីស្ថាន​កាន់តែខ្លាំង​នៅក្រោយ​ការដក​វត្តមាន​យោធា​អាមេរិក​និង​ណា​តូ​ចេញ។

លោក Shah Mahmood Qureshi រដ្ឋមន្ត្រី​រូបនេះ​បាន​បន្ត​បែប​ជាការ​ព្រមាន​ទៀតថា​ប្រទេស​ប៉ា​គី​ស្ថាន​នឹង​បង្ខំចិត្ត​បិទទ្វារ​ព្រំដែន​ប្រទេស​ប្រសិនបើ​ករណី​ណាមួយ​ដែល​ក្រុម​តា​លី​បង់​នឹង​អាចឈាន​ទៅដល់​ការក្តោបក្តាប់​អាហ្គានីស្ថាន​ច្រើនជាង​មុន។

គួរ​ឲ្យ​ដឹង​ដែរ​ថា​មកដល់ពេលនេះ​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ទទួលយក​ជនភៀសខ្លួន​អាហ្គានីស្ថាន​កើនឡើង​ទៅដល់៣,៥លាន​នាក់​មកហើយ​ហើយ​បាន​សម្រេចចិត្តថា​នឹងមិន​ទទួលយក​បន្ថែមទៀត​នោះឡើយ។

លោក​បាន​បន្ត​បែបនេះ​ថា៖ពួកយើង​មិនអាច​ទទួល​ពួកគេ​បន្ថែមទៀត​បានទេ​ហើយ​យើង​នឹង​បិទ​ព្រំដែន​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​និង​ផលប្រយោជន៍​សម្រាប់​ប៉ា​គី​ស្ថាន​ប៉ុន្តែ​ប្រទេស​យើង​ក៏​នឹង​នៅតែ​បន្ត​កិច្ចខិតខំ​ក្នុង​ការជួយ​គាំទ្រ​ដើម្បី​សន្តិភាព​នៅ​អាហ្គានីស្ថាន៕

#អរគុណសន្តិភាព