លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ វីរុសបំប្លែងថ្មីឈ្មោះ អាល់ហ្វា បាននិងកំពុងតែចរាចរយ៉ាងសកម្មនៅកម្ពុជា ហើយមានគ្រោះថ្នាក់ជាងវីរុសធម្មតា ៥ដង ទៅ ៧ដង

ភ្នំពេញ៖ ក្នុងឱកាស​អញ្ជើញ​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន ១០ ០០០ ០០០រៀល (ដប់​លាន​រៀល) និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនទៀត ជូន​ដល់​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ លេង​រៀង​ទី៤លាន គឺ​លោក សូ សយ អាយុ៦៥ឆ្នាំ ជា​អតីតយុទ្ធជន និង​ជា​យុទ្ធ​ជនពិការ​ជើងឆ្វេង នៅ​ភូមិ​ប្រទាល ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន គ.វ.ក១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បាន​អំពាវនាវ​ជាថ្មី ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវអនុវត្ត​វិធានការ​សុខាភិបាល​នានា និង​វិធានការ ០៣ការពារ-០៣កុំ ឱ្យបាន​ម៉ត់ចត់​បំផុត ព្រោះថា​វីរុស​បំប្លែង​ថ្មី ឈ្មោះ​ដែល​តា (B.1.167.2) ដែល​បាន​រកឃើញ​ជាបណ្តើរៗ នៅ​កម្ពុជា ហើយ​ដែលមាន​សមត្ថភាព​ឆ្លង​លឿន​ជាង និង​ធ្ងន់ធ្ងរ​ជាង រង្វង់១៥ដង នៃ​វីរុស​បំប្លែង​ថ្មី​ដទៃទៀត មានដូចជា​វីរុស​ឈ្មោះ អាល់​ហ្វា (B.117) ជាដើម។

លោកជំទាវ​បាន​សង្កត់ធ្ងន់ថា ៖ “ដោយឡែក វីរុស​បំប្លែង​ថ្មី ឈ្មោះ​អាល់​ហ្វា​នេះ​វិញ ហើយ​ដែល​ត្រូវបាន​រកឃើញ​ដំបូង​កាលពី​ខែកុម្ភៈ ឆ្នាំ២០២១ និង​ត្រូវបាន​សន្ម​ត់​ថា​មាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​ផងដែរ​នោះ បាននិងកំពុង​ចរាចរ​យ៉ាងសកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង។ វីរុស​អាល់​ហ្វា​នេះ ក៏មាន​សមត្ថភាព​នៃ​ការចម្លង​បាន​លឿន ព្រមទាំង​បង្ករ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នកជំងឺ​ផងដែរ គឺមាន​ក្នុង​រង្វង់​ពី ៥ដង ទៅ ៧ដង ខ្លាំង​ជាង​វីរុស​កូ​វីដ-១៩ចាស់ ឬ​វីរុស​ដែល​មិនទាន់​បំប្លែង​ខ្លួន ខណៈ​នៅ​កម្ពុជា​យើង​នៅពេលនេះ មាន​អ្នកជំងឺ​ជាង ១០០នាក់​ហើយ​ដែលមាន​វិជ្ជមាន​ពពួក​បំប្លែង​ថ្មី​អាល់​ហ្វា​នេះ ហើយ​ចំពោះ​ដែល​តា​វិញ គឺមាន២២ករណី​ហើយ​ដែល​ត្រូវបាន​រកឃើញ​ត្រឹមតែ​មួយខែ​មិថុនា​នេះ។

លោកជំទាវ បាន​បន្ថែម​ផងដែរ ដោយសារតែ​ការ​ចរាចរ​នៃ​វីរុស​អាល់​ហ្វា​នេះហើយ ទើប​ភាគច្រើន​នៃ​អ្នកជំងឺ​ដែល​វិជ្ជមាន​ហើយ​ចូល​សម្រាក​ពេទ្យ គឺមាន​សភាព​ធ្ងន់ធ្ងរ​រួចជាស្រេច​ទៅហើយ។ ហេតុ​ដូច្នេះហើយ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន​បំផុត មិនថាតែ ដែល​តា អាល់​ហ្វា ឬ​វីរុស​កូ​វីដ-១៩ធម្មតា​ដទៃទៀត​នោះទេ ព្រោះថា​នៅ​ថ្ងៃមុខ​ពពួក​វីរុស​នេះ​អាច​នឹង​បំប្លែង​ខ្លួន​បន្ថែមទៀត ដូចជា​ករណី​វីរុស​ដែល​តា ដែល​នៅពេលនេះ លឺថា​បាន​បំប្លែង​ទៅជា ដែល​តា​ផ្លាស (Delta Plus) ជាដើម។

ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ លោកជំទាវ​វេជ្ជបណ្ឌិត ក៏បាន​អំពាវនាវ​ជាថ្មី និង​ដ៏​ទទូច ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ជាង​នេះ បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ម៉ត់ចត់​ជាង​នេះ និង​អនុវត្ត​អភិក្រម ០៣ការពារ-០៣កុំ ឱ្យបាន​ត្រឹមត្រូវ​ជាង​នេះ ដើម្បី​កម្ពុជា​ចៀស​ផុតពី​ការ​វាយ​លុយ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ជាពិសេស​គឺ​ពពួក​បំប្លែង​ថ្មី​នេះ។

គួររម្លឹកថា កម្ពុជា​បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ដំបូង​បំផុត​កាលពី​ខែមករា ឆ្នាំ២០២០ ហើយ​គិត​ត្រឹម​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ មាន​ករណី​សរុប​ទូទាំងប្រទេស​ចំនួន ៤៩ ២៥៥នាក់ ជាសះស្បើយ​សរុប​ចំនួន ៤៣ ៤៧៣នាក់ និង​មាន​ករណី​មរណភាព​សរុប​ចំនួន ៥៧៥នាក់​ហើយ ហើយ​អ្នក​មរណភាព​ទាំង៥៧៥នាក់​នេះ គឺ​បានចាប់ផ្តើម​តាំងពី​មាន​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​ទាំងអស់៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published. Required fields are marked *