រដ្ឋមន្ត្រីការបរទេស​អ៊ី​ស្រា​អ៊ែ​ល​ធ្វើដំណើរ​ទៅដល់​ទឹកដី​សហភាព​អារ៉ាប់​ជា​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង

បរទេស៖រដ្ឋ​ម​ន្ត្រិ​ក្រសួងការបរទេស​រប​ស់​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល​លោក Yair Lapid កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​បាន​ចុះចត​ទៅដល់​ទឹកដី​នៃ​សហភាព​អារ៉ាប់​រួម UAE ក្នុងនាម​ជា​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកដំបូង​បំផុត​ដោយ​មន្ត្រីជាន់ខ្ពស់​អ៊ី​ស្រា​អ៊ែ​ល​នៅក្នុង​ប្រទេស​អារ៉ាប់​មួយ​នេះ។

ការិយាល័យ​របស់លោក Lapid បានចេញ​ផ្សាយ​នូវ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់ថា​លោក​បានធ្វើ​ដំណើរ​ជាមួយនឹង​គណប្រតិភូរ​បស់​ក្រសួងការបរទេស​និង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​នាក់​ផ្សេងទៀត​ផងដែរ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ដែលមាន​រយៈពេល២ថ្ងៃ។

សេចក្តីថ្លែងការណ៍​ដដែល​ក៏បាន​ប្រកាស​ដែរ​ថា​លោក Lapid ក៏​នឹងត្រូវ​ចូលរួម​នៅក្នុង​ពិ​ធិ​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរការ​ស្ថានទូត​អ៊ី​ស្រា​អ៊ែ​ល​ប្រចាំ​នៅ​រដ្ឋធានី Abu Dhabi និង​អគ្គ​កុងស៊ុល​ប្រចាំ​នៅក្នុង​ទីក្រុង Dubai ផងដែរ។

គួរ​ឲ្យ​ដឹង​ដែរ​ថា​អ៊ី​ស្រា​អ៊ែ​ល​និង​សហភាព​អារ៉ាប់​ទើបតែ​បាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​ដំណើរការ​ទំនាក់ទំនង​ការទូត​ជាធម្មតា​ឡើងវិញ​រវាង​គ្នា​ក្រោម​ការសម្របសម្រួល​ដោយ​អាមេរិក​កាលពី​ខែកញ្ញា​ឆ្នាំ២០២០កន្លងទៅនេះ​ប៉ុណ្ណោះ៕

#អរគុណសន្តិភាព