សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង

ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ជំនួស​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សាលាខេត្ត​កំពង់ឆ្នាំង។

ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង នាពេល​ព្រឹក​នេះ​មានការ​ចូលរួម​ពី សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង ប្រតិភូ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរង​ខេត្ត និង​មន្ទីរ-អង្គភាព អាជ្ញាធរ​ជុំវិញ​ខេត្ត​គ្រប់​ជាន់ថ្នាក់ ជាច្រើនរូប​ទៀតផង​ដែរ។

សូមជម្រាបថា ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ប្រព្រឹត្តិ​ទៅដោយ​មានការ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន នូវ​វិធានការណ៍​សុវត្ថិភាព​ការពារ​ជំងឺ​កូ​វីដ-១៩ រួមមាន ការរក្សា​គម្លាត​សុវត្ថិភាព, ពាក់​ម៉ាស់, វាស់​កំដៅ និង​លាងដៃ​ដោយ​ទឹក​អាល់កុល​ជាដើម។

ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អតីត​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ធ្វើ​សេចក្តីរាយការណ៍​ស​ង្ខ​ប​អំពី​វឌ្ឍនៈភាព​នៃ​ខេត្តកំពង់ឆ្នាំង ថា ការអនុវត្ត​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយមាន​ការណែនាំ​ពី​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងមហាផ្ទៃ តាមរយៈ​អនុក្រឹត្យ ប្រកាស លិខិតបទដ្ឋាន​គតិយុត្ត​នានា ដែលជា​គោល​បន្ទាត់​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​ទទួលបាន​លទ្ធផល​ល្អជា​បន្តបន្ទាប់។

ឯកឧត្តម បន្ដថា អស់​រយៈ ៨ឆ្នាំ (២០១៣-២០២១) បាន​ធ្វើជា​អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដ៏​ឧត្តុង្គឧត្តម​បំផុត គោរព​ជូន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ក្រឡាហោម សម្តេចចៅហ្វា​វាំង និង​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់ ដែល​បានផ្តល់​កិត្តិយស និង​សេចក្តីទុកចិត្ត​លើ​រូប​ឯកឧត្តម។

ក្រោយ​បញ្ចប់​អាន​របា​រណ៍​រួច ឯកឧត្តម អ៊ួ​ង ច​ន្ធី អគ្គនាយករង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បាន​ឡើង​អាន​ព្រះរាជក្រឹត្យ អនុក្រឹត្យ របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដីពី​ការតែងតាំង ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ជា​អនុរដ្ឋលេខាធិការ ក្រសួង​អភិវឌ្ឍន៍ជនបទ។

ក្នុងឱកាស​នោះ​ផងដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានប្រគល់​ព្រះរាជក្រឹត្យ ត្រា​រដ្ឋបាលខេត្ត និង​អនុក្រឹត្យ​ជូន​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ដើម្បី​មុខការ​ទទួលខុសត្រូវ​លើ​តួនាទី​ភារកិច្ច។

ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ក៏បាន​ប្ដេជ្ញាចិត្ត និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​រា​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួងមហាផ្ទៃ ដែល​បានផ្តល់​ជំនឿ​ទុកចិត្ត​ដល់​ឯកឧត្តម ឲ្យ​ទទួលបាន​ភារកិច្ច​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ក្នុងតួនាទី​ជា​អ្នកអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ផ្តល់ឱកាស​ឲ្យ​ឯកឧត្តម​ចូលរួមចំណែក​ថែរក្សា​ការពារ​នូវ​សុខសន្តិភាព សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម ការលើកកម្ពស់​ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូល​ដា្ឋ​ន​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត។

ជាងនេះទៅទៀត អភិបាលខេត្ត​កំពង់ឆ្នាំង​ថ្មី ក៏បាន​ប្ដេជ្ញា​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​ច្បាប់ គោលនយោបាយ​និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ព្រមទាំង​គោលការណ៍​ចាត់តាំង និង​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​គោរព​តាម​ការណែនាំ​ចង្អុលបង្ហាញ​របស់ សម្តេច​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ ខេត្តកំពង់ឆ្នាំង និង​សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័ន​នានា សំដៅ​សម្រេច​ឱ្យបាន​ជាដាច់ខាត​នូវ​សុខសន្តិភាព សេ្ថ​រ​ភាព​និង​ការអភិវឌ្ឍ​សង្គម សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ប្រតិបត្តិ​ជាប្រចាំ​នូវ​យុទ្ធនាការ​លុបបំបាត់​គ្រឿងញៀន ការបំផ្លិចបំផ្លាញ​ព្រៃឈើ ធនធានធម្មជាតិ និង​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព៕

#អរគុណសន្តិភាព