អភិបាលខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ចុះ​ត្រួតពិនិត្យ បើក​ដំណើរ​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វី១៩ នា​ថ្ងៃទី១ខែកក្កដា​ឆ្នាំ២០២១នេះ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ បើក​ដំណើរ​ការចាក់​វ៉ាក់សាំង ជូន​ដល់​ប្រជាពលរដ្ឋ ព្រះសង្ឃ​និង​កម្មករ កម្មការិនី ប្រមាណ៦០០០០នាក់ ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ទីតាំង​ក៏ដូចជា​គោលដៅ ដែល​រដ្ឋបាលខេត្ត បានរៀបចំ​ជូន​នោះ​មាន ៩គោលដៅ រួមមាន៖១.ស្ថានីយ​រថភ្លើង ២ក្រុម, ២.មណ្ឌល​សំចត ២ក្រុម, ៣.វត្ត​ផ្សារកណ្តាល ២ ក្រុម, ៤.វត្ត​រស្មី​ទួល​ពង្រ ២ ក្រុម, ៥.សាលារៀន​បឋមសិក្សា​ស្រះ​ត្រាច និមិត្ត២ ក្រុម, ៦.វត្ត​និមិត្ត​សុធី​រាម​កូនដំរី ១ ក្រុម, ៧.វត្ត​ត្រាច ២ ក្រុម,៨.សាលាបឋមសិក្សា​អូរ​ឬ​ស្សី ២ ក្រុម, ៩.ទល់មុខ​សាលាក្រុង ១ ក្រុម។

ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កម្មករ កម្មការិនី​ទាំងអស់​ថា វ៉ាក់សាំង​ដែល​ចាក់​ជូន​បងប្អូន​យើង​នាពេលនេះ គឺជា​ការផ្តល់ជូន​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​បាន​ខិតខំ​គ្រប់បែបយ៉ាង ដើម្បី​រក​វ៉ាក់សាំង និង​បាន​ដាក់ចេញ​វិធានការ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​យើង​ឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយ​បងប្អូន​ត្រូវគោរព​ដឹងគុណ​ចំពោះ​សម្តេច។

ក្នុងនាម​រដ្ឋបាលខេត្ត និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​គោរព​ថ្លែងអំណរគុណ និង​ជូនពរ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​ទទួលបាន​នូវ​សុខ​ភាពល្អ​បរិបូរណ៍ កម្លាំង​មាំមួន​ខ្លាំងក្លា បញ្ញាញាណ​វាងវៃ ជន្មាយុ​យឺនយូរ និង​ទទួលបាន​ជោគជ័យ​ត្រចះត្រចង់​ក្នុង​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន ។

ក្នុងនាម​អាជ្ញាធរខេត្ត ឯកឧត្តម​បានដាក់​ចេញ​នូវ​ផែនការ​លម្អិត ដោយ​ចាត់​ក្រុមគ្រូពេទ្យ កម្លាំង​និង​ក្រុមការងារ​យុវជន ដើម្បី​ចាត់ចែង​ទទួល​រៀបចំ ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កម្មករ កម្មការិនី ឱ្យមាន​សណ្តាប់ធ្នាប់ ស្របតាម​វិធានការណ៍ «៣ការពារ និង៣កុំ» របស់​សម្តេច​តេ​ជោ ព្រមទាំង​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​កាត់បន្ថយ​ការឆ្លង​ជំងឺ​កូ​វីដ១៩ និង​អាចជួយ​ព​ន្លឿ​ន ដល់​ការចាក់​វ៉ាក់សាំង​បាន​កាន់តែ​លឿន និង​បាន​ជ្រាបចូល​ក្នុង​ខ្លួន​ប្រជាពលរដ្ឋ បាន​ឆាប់រហ័ស៕

#អរគុណសន្តិភាព