អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​អគារ​រដ្ឋបាល​ក្រុង​កោះរ៉ុង និង​មណ្ឌល​សុខភាព​កោះរ៉ុង

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ កាលពី​អាទិត្យ ទី៤ ខែកក្កដា ឆ្នាំ២០២១ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​អញ្ជើញ​ចុះ​ពិនិត្យ​អគារ​រដ្ឋបាល​ក្រុង​កោះរ៉ុង និង​មណ្ឌល​សុខភាព​កោះរ៉ុង ស្ថិតនៅ​ក្នុងភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ដែល​កំពុងដំណើរការ​សាងសង់​រាល់ថ្ងៃ។ ជាមួយនេះ​ឯកឧត្តម ក៏បាន​អញ្ជើញ​ទៅ​មើល​ការសាងសង់​អគារ​ផ្នែក​ប្រតិបត្តិការ​សឹក​រង​ក្រុង​កោះរ៉ុង​ផងដែរ ដែល​ទាំងអស់នេះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

សូម​ជម្រាប​ផងដែរ​ថា អាគារ​រដ្ឋបាល​ក្រុង​កោះរ៉ុង សម្រេចបាន​ប្រមាណ​ជាង ៧៥ភាគរយ មណ្ឌល​សុខភាព​កោះរ៉ុង​សម្រេចបាន​ប្រមាណ​ជាង ១០០ភាគរយ និង​អគារ​ផ្នែក​ប្រតិបត្តិការ​សឹក​រង​ក្រុង​កោះរ៉ុង សម្រេចបាន​ប្រមាណ​ជាង ៧៥ ភាគរយ។

បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ការ​ការសាងសង់​អគារ​ទាំង៣ រួចមក​ឯកឧត្តម​អភិបាលខេត្ត បន្តទៅ​ពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង ដូ​ស​ទី២ ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​សង្កាត់​កោះរ៉ុង។ឯកឧត្តម​អភិបាលខេត្ត​បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី២ រួចហើយ​ក៏ដោយ ប៉ុន្តែ​ត្រូវអនុវត្ត​ទៅតាម​ក្រសួងសុខាភិបាល និង​អនុវត្តតាម​អនុសាសន៍ ៣កុំ ៣ការពារ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដើម្បី​ការពារ​កុំអោយ​ឆ្លង​ជំងឺ​កូ​វីដ១៩៕

#អរគុណសន្តិភាព