ខេត្ត​ហ៊ូ​ប៉េ ប្រទេស​ចិន​ស្នើសុំ​បង្កើត​មេត្រីភាព​ជាមួយ​ខេត្ត៣ របស់​កម្ពុជា

ភ្នំពេញ៖ ខេត្ត​ហ៊ូ​ប៉េ (Hubei) ប្រទេស​ចិន​ស្នើសុំ​បង្កើត​ចំណង​មេត្រីភាព (Sister City) ជាមួយ​ខេត្តសៀមរាប ខេត្តកំពត និង​ក្រុងព្រះសីហនុ។  នេះ បើតាម​លិខិត​របស់​ឯកឧត្តម ប្រាក់​សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ផ្ញើជូន សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី ២ ខែកក្កដា កន្លងមកនេះ ។

ឯកឧត្តម ប្រាក់ សុខុន​បានសរសេរថា «ខ្ញុំបាទ​សូម​គោរព​ជម្រាបជូន សម្តេច​ក្រឡាហោម មេត្តា​ជ្រាបថា មន្ទីរ​ការបរទេស​ខេត្ត​ហ៊ូ​ប៉ ប្រទេស​ចិន ស្នើសុំ​បង្កើត​ចំណង​មេត្រីភាព (Sister City) រវាង​ខេត្ត​ហ៊ូ​ប៉េ ប្រទេស​ចិន ជាមួយ​ខេត្តសៀមរាប ខេត្តកំពត និង​ក្រុងព្រះសីហនុ ក្នុង​គោលបំណង​បង្កើត​ភាពស្និទ្ធស្នាល និង​បង្កើន​កិច្ច សហប្រតិបត្តិការ​ក្នុងការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន​របស់​ខេត្ត​ខាងលើ»។

បើតាម ឯកឧត្តម​ប្រាក់ សុខុន ខេត្ត​ហ៊ូ​ប៉េ​ជា​មជ្ឈមណ្ឌល​ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​ដឹកជញ្ជូន​របស់​ចិន និង​ជា​ខេត្ត​ដែល​ស្ថិតក្នុង​ផែនការអភិវឌ្ឍន៍​ខ្សែក្រវាត់​និង​ផ្លូវ​ផងដែរ។ លើសពីនេះ​ទៀត ក្រុមហ៊ុនធំៗនៅ​ខេត្ត​នេះ​បានមក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធាន ថាមពល​ជាដើម៕

#អរគុណសន្តិភាព