ឯកឧត្តម ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន-រុស្ស៊ី ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី២៥

ភ្នំពេញ៖  ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន-រុស្ស៊ី ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី២៥ នៃ​ភាពជា​ដៃគូ​សន្ទនា​អាស៊ាន-រុស្ស៊ី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ តាម​ប្រព័ន្ធ​វីដេអូ។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃទី ៥ ខែកក្កដា​នេះ ឱ្យដឹងថា សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ដែលជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-រុស្ស៊ី នាពេល​បច្ចុប្បន្ន និង​សហព័ន្ធរុស្ស៊ី នឹង​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ។

កិច្ចប្រជុំ​ពិសេស​នេះ នឹង​ពិនិត្យឡើងវិញ​នូវ​សមិទ្ធផល​នៃ​ទំនាក់ទំនង​អាស៊ាន-រុស្ស៊ី​ដែល​សម្រេចបាន​ក្នុង​រយៈពេល២៥ឆ្នាំកន្លងមក លើ​វិស័យ​ជាច្រើន រួមមាន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ នយោបាយ​សន្តិសុខ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ប្រជាជន និង​ប្រជាជន​ក៏ដូចជា​បន្ត​តាមដាន​ការងារ​ក្រោយ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន-រុស្ស៊ី ស្តីពី​ជំងឺ​កូ​វីដ-១៩ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ឆ្នាំមុន។

កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​នេះ គឺជា​ការបោះ​ជំហាន​ទៅមុខ​បន្ថែមទៀត​នៅក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន-រុស្ស៊ី សម្រាប់​កិច្ចសហប្រតិបត្តិការ​យូរអង្វែង ក្នុងខណៈដែល​ពិភពលោក​កំពុងមាន​បញ្ហា​ប្រឈម។

គួរកត់សម្គាល់​ផងដែរ​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​តួនាទី​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-រុស្ស៊ី ចាប់ពី​ខែសីហា ឆ្នាំ២០២១ នេះ៕

#អរគុណសន្តិភាព