ព្រឹកស្អែកនេះវ៉ាក់សាំងកូវីដ ១លានដូសទៀតនឹងដឹកមកដល់កម្ពុជា

ភ្នំពេញ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានបញ្ជាក់​ប្រាប់​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ថា នៅ​ព្រឹក​ថ្ងៃទី ៦ខែ កក្កដា ឆ្នាំ២០២១ស្អែក​នេះ វ៉ាក់សាំង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ១៩ ប្រភេទ​វ៉ាក់សាំង​ស៉ី​ណូ​ហ្វា​ម ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន១លាន​ដូ​ស​ទៀត នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា។

កន្លងមក ក៏ដូចជា​បច្ចុប្បន្ន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន តាម​ដែល​អាចធ្វើ​ទៅបាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន។ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​ស្វះ​ស្វែងរក​វ៉ាក់សាំង ហើយ​បាន​នាំមក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន។ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​ផែន​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១៨ឆ្នាំ​ឡើង ប្រមាណ១៣លាន​នាក់ ត្រូវ​នឹង​វ៉ាក់សាំង​ប្រមាណ ២៦លាន​ដូ​ស។កម្ពុជា​នឹង​សម្រេច​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ចំនួន ១០លាន​នាក់ នៅក្នុង​ឆ្នាំ២០២១នេះ ឬ​យ៉ាងយូរបំផុត​នៅ​ដើមឆ្នាំ២០២២ ។

គួររំលឹកថា គិត​ត្រឹម​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និង​ក្រសួង ការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ១៩ ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំង ប្រដាប់អាវុធ នៅ​ទូទាំងប្រទេស​សរុប​ចំនួន ៤,៥៣៥,៨៩៤នាក់។ សម្រាប់​លទ្ធផល​ចាក់​វ៉ាក់សាំង​គោលដៅ១០លាន​នាក់ បាន​ចំនួន៤៥.៣៦%។

មកដល់​ត្រឹម​ព្រឹក​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន ៥៥,១៨៧នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​សរុប​ចំនួន ៤៧,៣៨៦នាក់ និង​ស្លាប់​សរុប​ចំនួន ៧៤៨នាក់៕

#អរគុណសន្តិភាព