អាជ្ញា​រធរ​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ បើក​កិច្ចប្រជុំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុងទិសដៅ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩

កំពង់ឆ្នាំង៖ នៅ​ព្រឹក​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២១នេះ មាន​បើក​កិច្ចប្រជុំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ ក្នុងទិសដៅ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ ក្រោម​អធិបតីភាព ឯកឧត្ដម អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ-១៩ តំណាង ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ឯកឧត្តម អ៊ឹង គឹម​លាង អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ-១៩ តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នឹងមាន​ការចូលរួម​ពី​អាជ្ញាធរខេត្ត​ក្នុង​ខេត្ត​ទាំងពីរ រៀបចំ​នៅ​សាលប្រជុំ​សាលាស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ដោយ​កន្លងមក​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ កងកម្លាំង​សមត្ថកិច្ច ក្រុមគ្រូពេទ្យ គឺ​បាន​បំពេញបេសកកម្ម​យ៉ាង​យកចិត្តទុកដាក់​បំផុត ក្នុងការ​ប្រឆាំង ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ដោយ​ដាក់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថា្នក់ ក្នុង​ការចុះ​តាមដាន​ជាប្រចាំ នូវ​ការចេញចូល​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។ ក្រៅពីនេះ​ក៏បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធាន​នា​ការ​នានា​របស់​រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ដើម្បី​បញ្ចៀស​ការឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍​របស់ខ្លួន ដោយ​ប្រកាន់ខ្ជាប់​លាង​សំអាត​ដៃ​និង​សាប៊ូ ឬ​អាកុល ពាក់​ម៉ាស់ គម្លាត​សុវត្ថិភាព និង​មិនត្រូវ​ជួបជុំ​ដែលមាន​មនុស្ស​ច្រើន​នោះទេ។

ក្នុង​កិច្ចប្រជុំ​នោះ ថ្នាក់ដឹកនាំ​នៃ​ខេត្ត​ទាំងពីរ បាន​ជម្រុញ​ដល់​អាជ្ញាធរ​ដែនដី ត្រូវ​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឱ្យ​យល់ដឹង និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ត្រូវ​អត់ធ្មត់ និង​គោរព​តាម​ការណែនាំ​ក្រសួងសុខាភិបាល ដោយ​ស្នាក់នៅ​ឱ្យបាន​គ្រប់​កាលកំណត់​រយៈពេល១៤ថ្ងៃ ដើម្បី​ធ្វើការ​តាមដាន​សុខភាព ព្រោះ​ការធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ត្រឹមត្រូវ​នឹង​ជួយ​ឱ្យ​យើង​មាន​សុវត្ថិ​ភាពល្អ ចៀស​ផុតពី​ការចម្លង​ជំងឺ​កូ​វីដ-១៩ ពី​ខ្លួន​យើង ទៅ​ក្រុមគ្រួសារ និង​សហគមន៍​ដែល​ខ្លួន​រស់នៅ៕

#អរគុណសន្តិភាព