រដ្ឋបាលខេត្ត​កំពង់ចាម បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ ២ខ្សែ មាន​ប្រវែង ៣.១៨៥ម៉ែត្រ ស្ថិតនៅ​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម

កំពង់ចាម៖ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ នៅ​ព្រឹក​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះ អាជ្ញាធរ​បាន​បើក​ការដ្ឋាន​សាងសង់ ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ DBTS ចំនួន ២ខ្សែ មាន​ប្រវែង ៣.១៨៥ម៉ែត្រ ស្ថិតនៅ​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ក្រោម​អធិបតីភាព ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម។ ពិធី​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្ដម លោកជំទាវ ជា​អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ស្ថាប័ន ក្នុង​ខេត្ត ព្រមទាំង អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​ប្រជាពលរដ្ឋ​ទទួលផល ជាច្រើន​នាក់ ផងដែរ។

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ថ្លែងថា យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ ៖ មនុស្ស ភ្លើង ទឹក ផ្លូវ។ ដូច្នេះ សមិទ្ធិផល​ផ្លូវ​កៅស៊ូ​នេះ គឺជា​សមិទ្ធិផល របស់​រាជរដ្ឋាភិបាល បានផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ទុក​ប្រើប្រាស់​តាម​តម្រូវការ ជាពិសេស វា​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ដឹក​កសិផលផ្សេងៗ ទៅកាន់​ទីផ្សារ បាន​ងាយស្រួល​ជាង​មុន។ ដូច្នោះ ក្រោយពី​ទទួលបាន​សមិទ្ធផល​នេះហើយ សូម​ឲ្យ​បងប្អូន​ចូលរួម​ថែរក្សា​ឲ្យ​បាន​គង់វង្ស​យូរអង្វែង ដើម្បី ទុក​សម្រាប់​កូនចៅ​ជំនាន់ក្រោយៗ ប្រើប្រាស់ បន្តទៀត។ ក្រៅពីនោះ នៅពេល​មាន​ផ្លូវ​ហើយ គឺអាច​ជួយ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ ផងដែរ។

ស្ថិត​ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ក្រើនរំលឹក ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ ការឆ្លង​រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ និង​សូម​ចូលរួម ដោយ​ស្ម​គ្រ័​ចិត្ត ទៅ​ទទួល​វ៉ាក់សាំង​បង្ការ ដោយ​ឥតគិតថ្លៃ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រឹងប្រែង​ដោយ​លំបាក ដើម្បី​យកមក​ចាក់​ជូន​ប្រជាពលរដ្ឋ ក្នុងការ​ទប់ស្កាត់ ប្រយុទ្ធ​នឹង​ជម្ងឺឆ្លង​ដ៏​កាច​សាហាវ​នេះ។

ទន្ទឹមនឹង​នោះដែរ ទោះបីជា​ប្រជាពលរដ្ឋ​យើង បានទទួល​វ៉ាក់សាំង​បង្ការ​ជម្ងឺ​កូ​វីដ ១៩ រួចហើយ​ក្ដី ក៏ត្រូវ​ចូលរួម​ទាំងអស់គ្នា បង្កើន​ការប្រុងប្រយ័ត្ន​ថែមទៀត តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល នូវ​វិធាន​ការពារ «៣ការពារ និង ៣កុំ» ជាពិសេស អនុវត្ត​ការពាក់​ម៉ាស់ ការលាង​អ​សម្អាត​ដៃ ការរក្សា​គម្លាត​សុ​វត្តិភាព​បុគ្គល និង​គម្លាត​សង្គម ដើម្បី កាត់ផ្តាច់​ខ្សែចម្លង​ជម្ងឺ​ដ៏​កាច​សហាវ​មួយ​នោះ នៅក្នុង​សងហ​គម​ន៍​កម្ពុជា​យើង ផងដែរ។

នាឱកាស​នោះដែរ ឯកឧត្ដម អ៊ុន ចាន់​ដា និង​ក្រុមការងារ បាន​នាំ​អំណោយ​រដ្ឋបាល ខេត្តកំពង់ចាម ជា​វត្ថុ​កំដរដៃ ផ្តល់ជូន​យាយ តា ចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួលបាន សា​រ៉ុង ។ ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត​កំពង់ចាម បាន​ជួយ​ឧ​ប​ត្ថ​ម្ត ដល់​កងក​ម្កាំ​ង​ប្រដាប់​ទាំងបី ក្នុង​មួយអង្គ​ភាព ២០ម៉ឺន​រៀល និង​ប្រជា​ការពារ ២០ម៉ឺន​រៀល ផងដែរ។

គូសបញ្ជាក់ថា ផ្លូវ ២ខ្សែ ខាងលើ ស្ថិតនៅក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ដោយ​ធ្វើការ​ស្ថាបនា ចាប់ពី​ចំណុច​ភូមិ​ចំការ​ខ្ពប ភ្ជាប់​ទៅ​ភូមិ​វាល​ស្បូវ ឃុំ​អំពិល ស្រុក​កំពង់សៀម ដែលជា​ផ្លូវ​ដ៏​សំខាន់ សម្រាប់​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន។ តាម​ផែនការ ផ្លូវ​ទាំង ២ខ្សែ នេះ អ្នកទទួលការ នឹងធ្វើ​ការស្ថាបនា ឲ្យ​បាន​រួចរាល់ ក្នុង​រយៈពេល ០៤ខែ ខាងមុខ៕

#អរគុណសន្តិភាព