រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បើក​កិច្ចប្រជុំ​ដើម្បី​បង្កើន​ការទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ ដើម្បី​កាត់ផ្តាច់​ការឆ្លង​ក្នុង​គ្រួសារ អង្គភាព និង​សហគមន៍

កំពង់ឆ្នាំង៖ រសៀល​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បាន​បើក​កិច្ចប្រជុំ​ដើម្បី​ធ្វើការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ នៅក្នុង​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាព ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត នាយករង​រដ្ឋបាល​សាលាខេត្ត និង​លោក លោកស្រី​អង្គភាព​ពាក់ព័ន្ធ​ចូលរួម​ផងដែរ។

ឯកឧត្តម ស៊ុន សុ​ណ្ណា​រិ​ទ្ធិ បាន​មានប្រសាសន៍ថា ដើម្បី​ធានា កុំឱ្យ​មានការ​រីក​រាល​ដាល​ជាខ្លាំង​នូវ​ជំងឺ​កូ​វីដ-១៩ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​បន្ថែមទៀត​ក្នុង​កិច្ចការ​អនុវត្តន៍​ឱ្យបាន​លឿន​បំផុត អំពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ នៅក្នុង​ខេត្តកំពង់ឆ្នាំង ពិសេស​ទីតាំង​ដែល​ទើប​ផ្ទុះ​ការរីក​រាល និង​បង្ការ​កុំឱ្យ​ឆ្លងទៅ​កន្លែងផ្សេងៗទៀត ជាពិសេស តាម​ស្ថាប័នរដ្ឋ និង​ឯកជន ព្រោះ​កន្លែង​ទាំងនេះ​ជា​កន្លែង​ប្រមូល​ផ្តុំគ្នា ដែល​ទាមទារ​ឱ្យ​មានការ​ការយកចិត្ត​ទុកដាក់​ខ្ពស់បំផុត។

ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បាន​បញ្ជាក់ថា​ការចូលរួម ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត គឺជា​កិច្ចការ​មួយ​ដ៏​ចាំបាច់​បំផុត ដែល​ត្រូវ​រួមគ្នា​ចូលរួម​ប្រយុទ្ធប្រឆាំង និង​មេរោគ​ដ៏​កាច​សាហាវ​នេះ​ជាដាច់ខាត ដែល​បាន​បង្ករ​ឱ្យ​មនុស្ស​ស្លាប់ និង​ឈឺ​ជា​បន្តបន្ទាប់ ហើយ​ជាមួយនេះ​ក៏ត្រូវ​ផ្សព្វផ្សាយ​អំពី​វិធានការ​នានា​របស់​រដ្ឋ​បាល​ខេត្ត ក្រសួងសុខាភិបាល​ដល់ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រីរាជការ​អនុវត្ត​ឱ្យបាន​តាម​អនុសាសន៍​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ឱ្យបាន​ជាប់​ជាប្រចាំ​ដើម្បី​កាត់ផ្តាច់​ការឆ្លង​ក្នុង​គ្រួសារ អង្គភាព និង​សហគមន៍​យើង៕

#អរគុណសន្តិភាព