អបអរសាទរ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​គម្រោង​ផ្លូវ ៤គន្លង ប្រវែង​ជាង ៤៥គ.ម ដល់​ខេត្តកំពង់ចាម

កំពង់ចាម៖ នា​ព្រឹក​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​អមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ៧ ជា​ផ្លូវ ៤គន្លង ដែលមាន​ប្រវែង​ជាង ៤០គីឡូម៉ែត្រ ចាប់ពី​ចំណុច​ទីប្រជុំជន​ស្គន់ ស្រុក​ជើងព្រៃ មកដល់​ចំណុច​គល់ស្ពាន​គី​ហ្សូ​ណា ទី​រួម​ខេត្តកំពង់ចាម។

គម្រោង​មួយ​នេះ ជា​ចំណងដៃ​ថ្មីស្រឡាង​មួយទៀត របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម ក៏ដូចជា​ត​ភ្ជាប់​ចរាចរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ភាគ​ឥ​សាន្ត។ ហើយ​តាមរយៈ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន សមិទ្ធិផល​ថ្មី​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​កសាង ស្ថាបនា ជួសជុល​ឡើង ជាក់ស្តែង គម្រោង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ៧ ជា​ផ្លូវ​ដែលមាន៤គន្លង ចាប់ពី​ចំណុច​រង្វង់​មូល​ផ្សារ​ស្គន់ រហូតដល់​គល់ស្ពាន​គី​ហ្សូ​ណា ក្រុង​កំពង់ចាម នឹង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ ចរាចរ​ណ៏​ទៅវិញទៅមក ខណៈ​បច្ចុប្បន្ន​កម្ពុជា មាន​កំណើន​មធ្យោបាយ​ដំណើរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

សូម​បញ្ជាក់ដែរថា នាបច្ចុប្បន្ន​នេះ ផ្លូវ​ចាប់ពី​ចំណុច​ស្គន់ ឆ្ពោះ​ទៅដល់​រាជធានី​ភ្នំពេញ គឺ​យើង​មាន​ផ្លូវ៤គន្លង រួចហើយ។ ដោយឡែក ចាប់ពី​ចំណុច​ស្គន់​ឆ្ពោះ​មកកាន់​ទី​រួម ខេត្តកំពង់ចាម​វិញ យើង​មាន​ផ្លូវ តែ២គន្លង ប៉ុណ្ណោះ។ គម្រោង​នេះ នឹង​លេចចេញ​ជា​រូបរាង បន្ទាប់ពី​មន្ត្រី​បច្ចេកទេស​ក្រសួង​សាធារណការ នឹង​ដឹកជញ្ជូន ចុះ​សិក្សា​លម្អិត៕

#អរគុណសន្តិភាព