អភិបាលខេត្តកំពត អញ្ជើញទទួលអំណោយសប្បុរសធម៌ពីសមាគមស្បែកជើងកម្ពុជាដើម្បីចូលរួមក្នុងការងារមនុស្សធម៌ និងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

កំពត៖ នៅព្រឹក ថ្ងៃពុធ ទី១៤ ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញទទួលអំណោយសប្បុរសធម៌ពីឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា រួមមាន : អាវពេទ្យ ចំនួន២០០០ឈុត ម៉ាស ១០០០០បន្ទះ ថ្នាំបូរាណចិន៤០០ប្រអប់ ដែលផ្តល់ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ ក៏ដូចជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ ឧកញ៉ា លីឃុនថៃ ដែលបានផ្តល់នូវអំណោយសប្បុរសធម៌ នាពេលនេះ។ ហើយនេះគឺជាកាយវិការដ៏ល្អប្រពៃមួយ ក្នុងនាមខ្មែរជួយខ្មែរ ពេលដែលប្រទេសជាតិយើងកំពុងតែជួបប្រទះនិងជំងឺកូវីដ-១៩ ហើយសព្វថ្ងៃរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការជួយដល់ជនរងគ្រោះ ងាយរងគ្រោះ និងរងផលប៉ះពាល់ពីជំងឺដ៏កាចសាហាវមួយនេះ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ចំពោះអំណោយសប្បុរសធម៌ទាំងនេះ រដ្ឋបាលខេត្ត និងធ្វើការចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន ឃុំ-សង្កាត់ទាំងអស់ក្នុងខេត្តកំពត៕

#អរគុណសន្តិភាព