តាលីបង់ស្នើដោះលែងក្រុមប្រយុទ្ធរបស់ខ្លួន៧ ០០០នាក់ជាថ្នូរនឹងការផ្អាកបាញ់គ្នា៣ខែ

បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថាក្រុមតាលីបង់បានដាក់សំណើរមួយមកកាន់រដ្ឋាភិបាលអាហ្គានីស្ថានដើម្បីឲ្យមានការដោះលែងក្រុមសកម្មប្រយុទ្ធរបស់ខ្លួនប្រមាណជា ៧ ០០០នាក់ ជាថ្នូរនឹងការផ្អាកឈប់បាញ់គ្នារយៈពេល ៣ខែ។

រដ្ឋាភិបាលអាហ្គានីស្ថានមកដល់ពេលនេះនៅមិនទាន់ធ្វើការឆ្លើយតបឬប្រតិកម្មអ្វីនៅឡើយប៉ុន្តែមន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលបានអះអាងថាសំណើររបស់ក្រុងតាលីបង់ហាក់ដូចជាមានទំហំធំពេកហើយ។

ក្រុមតាលីបង់បានអះអាងថាខ្លួនមកដល់ពេលនេះបានគ្រប់គ្រងទីតាំងរបស់ខ្លួននៅក្នុងប្រទេសអាហ្គានីស្ថានដល់ទៅ  ៨៥ភាគរយ មកហើយប៉ុន្តែតាមការព្យាករណ៍របស់អ្នកជំនាញបាននិយាយថាតាលីបង់ប្រហែលជាអាចកាន់កាប់ស្រុកទាំងអស់របស់អាហ្គានីស្ថានចំនួន៣ភាគ៤នៃចំនួន សរុប៤០០ស្រុក ។

គួរឲ្យដឹងដែរថាក្រុមតាលីបង់និងកងទ័ពអាហ្គានីស្ថានបានបើកការវាយប្រហារគ្នាទៅវិញទៅមកកាន់តែខ្លាំងក្លាឡើងបន្ទាប់ពីកងទ័ពបរទេសជាពិសេសយោធាអាមេរិកបានធ្វើការដកខ្លួនស្ទើរតែទាំងស្រុងចេញពីប្រទេសមួយនេះទៅហើយ៕

#អរគុណសន្តិភាព