អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះពិនិត្យ និងនាំយកសម្ភារៈការពារជំងឺកូវីដ-១៩ ផ្តល់ជូនមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខនាំយកសម្ភារៈការពារជំងឺកូវីដ-១៩ មានម៉ាស់ ជែល និងថ្នាំចិន ផ្តល់ជូនមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅវិទ្យាល័យបរិបូណ៌ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចូលរួមពីអាជ្ញាធរស្រុក និងក្រុមគ្រូពេទ្យផងដែរ។

ឯកឧត្តម អម សុភា បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ជាពិសេសប្រមុខរាជរដ្ធាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្ដទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលកំពុងទទួលរងនូវផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅគ្រប់មណ្ឌលទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសក្រុមគ្រូពេទ្យដែលជាមន្រ្តីជួរមុខបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់មន្ត្រីប្រចាំការ និងក្រុមគ្រូពេទ្យ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌល ត្រូវចូលរួមអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល គឺ៣ការពា និង៣កុំ ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ។

តាមការបញ្ជាក់របស់គ្រូពេទ្យប្រចាំការនៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ វិទ្យាល័យហ៊ុន សែន បរិបូណ៌ មានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យបាលចំនួន ៨៩ នាក់ ហើយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានជាសះស្បើយចំនួន ១៣នាក់។ ក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានប្រគល់ជូនសម្ភារៈរបស់ឯកឧត្តមអភិបាលខេត្ត រួមមាន៖ ម៉ាស់ចំនួន ០២កេស ស្មើ៥០០០ម៉ាស់ ជែល៤០០ដបតូច និងថ្នាំចិនចំនួន១២០ប្រអប់ សម្រាប់ទុកចែកដល់បងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺផងដែរ៕

#អរគុណសន្តិភាព