គ្រូពេទ្យ​បញ្ជាក់ថា លោក​ដូ​ណា​ល់ ត្រាំ អាច​ចេញពី​មន្ទីរពេទ្យ ទៅកាន់​សេត​វិមាន​វិញ​នៅ​សប្ដាហ៍​នេះ

វ៉ាស៊ីនតោន៖ យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Reuters នៅថ្ងៃនេះ​បានឱ្យដឹងថា ក្រុមគ្រូពេទ្យ​ព្យាបាល​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែលមាន​ជំងឺ​កូ​វីដ-១៩ បាននិងកំពុង​តាមដាន​ស្ថានភាព​សួត​របស់លោក បន្ទាប់ពី​ការទទួល​អុកស៊ីសែន​បន្ថែម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុននឹង​លោក​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ នៅ​ខាងក្រៅ​មន្ទីរពេទ្យ ដោយ​ជិះ​នៅក្នុង​រថយន្ដ​មួយគ្រឿង ខណៈ​គ្រូពេទ្យ​ប្រចាំ​ខ្លួន​លោក ត្រាំ បាន​អះអាងថា ប្រធានាធិបតី​រូបនេះ​អាច​ចាក​ចេញពី​មន្ទីរពេទ្យ ទៅកាន់​សេត​វិមាន​វិញ ដើម្បី​ទទួល​ការ​ព្យ​បាល​បន្ត​នៅក្នុង​សប្តាហ៍​នេះ។

លោក ដូ​ណា​ល់ ត្រាំ មាន​អាយុ ៧៤ឆ្នាំ​បាន​ពាក់​ម៉ាស និង​លោក​ដៃ​គ្រវី​ដាក់​អ្នកគាំទ្រ ដោយ​អង្គុយ​ក្នុង​រថយន្ត SUV នៅខាងមុខ​មន្ទីរពេទ្យ​យោធា Walter Reed National Military Medical Center ស្របពេល​អ្នកគាំទ្រ​គ្រវី​ទង់​គាំទ្រ​លោក ត្រាំ ជាមួយ​ការស្រែក​ច្រៀង​ពាក្យស្លោក “USA! USA!។ លោក ដូ​ណា​ល់ ត្រាំ កំពុង​ទទួល​ការព្យាបាល​កូ​វីដ-១៩ ដោយ​ប្រើ​ថ្នាំ Remdesivir និង dexamethasone។

វេជ្ជបណ្ឌិត​ប្រចាំកាយ​លោក ត្រាំ គឺ​លោក Sean Conley បាន​ទទួលស្គាល់ថា កម្រិត​អុកស៊ីសែន​នៅក្នុង​ឈាម​របស់លោក ត្រាំ បាន​ធ្លាក់ចុះ​ពិតមែន​កាលពី​ប៉ុន្មាន​ថ្ងៃមុន និង​ឡើងក​ម្ដៅ​ក្នុង​ខ្លួន​ខ្លាំង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ (ពេលវេលា​នៅ​វ៉ាស៊ីនតោន)។ ប៉ុន្តែ​លោក Conley ក៏បាន​បញ្ជាក់ដែរថា ស្ថានភាព​សុខភាព​លោក ត្រាំ ចាប់ផ្ដើម​ល្អប្រសើរ​ឡើងវិញ​នៅ​ថ្ងៃអាទិត្យ ហើយ​អាច​នឹងត្រូវ​អុន​ញ្ញាត​ឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ (ម៉ោង​នៅ​វ៉ាស៊ីនតោន) ដើម្បី​ទៅ​ព្យាបាល​បន្ត​នៅក្នុង​សេត​វិមាន៕

#អរគុណ​សន្តិភាព