អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទ
![](https://i0.wp.com/orkunsantepheap.com/wp-content/uploads/2021/07/225583647_4151823468206932_1690068446612898195_n.jpg?fit=960%2C839&ssl=1)
ព្រះសីហនុ៖ រសៀលថ្ងៃអង្គារ ទី២៧ ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកប្រធានពន្ធនាគារ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងខេត្ត និងលោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត។
អាគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទនេះ ស្ថិតនៅខាងក្រោមអគារជំងឺសួតមាន០៤បន្ទប់ និងអាចដាក់អ្នកជំងឺកូវីដ-១៩ បានរហូតដល់៤០នាក់ ឬអាចលើសនេះ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំឱ្យប្រធានពន្ធនាគារខេត្ត នៅពេលដែលមានពិរុទ្ធជន ឬជនជាប់ចោទ ធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩ ត្រូវយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយទី១. យើងអាចគ្រប់គ្រងសន្តិសុខបានល្អក្នុងការព្យាបាល។ ទី២. កាត់ផ្តាច់ការចម្លងទៅអ្នកទោសដទៃទៀតនៅក្នុងពន្ធនាគារ។ ម្យ៉ាងទៀតសកម្មភាពបង្ការទុកមុននេះ គឺជាវិធានការដ៏ល្អមួយ សម្រាប់ការគ្រប់គ្រងតាមដានអ្នកជំងឺកូវីដ មិនបង្កឱ្យឆ្លងទៅអ្នកដទៃ៕
#អរគុណសន្តិភាព