គ្រួសារ​រងគ្រោះដោយភ្លើងឆេះផ្ទះ១គ្រួសារទទួលបានអំណោយមនុស្សធម៌ ពី​អនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកសំឡូត។

ខេត្តបាត់ដំបង ៖​ នៅរសៀលថ្ងៃទី​ ៣០ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារអនុសាខាកាកបាទ​ក្រហមកម្ពុជាស្រុកសំឡូត ដឹកនាំដោយ សើ សាម៉េត ប្រធានគណៈកម្មាធិការសាខាអនុស្រុកនិងសហការី បានចូលរួមសម្តែងនូវការសោកស្តាយ និងបាននាំយកអំណោយមនុស្សធម៌ទៅផ្ដល់ជូនប្រជាពលរដ្ឋឈ្មោះផុន ណាវី ដែលរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន​ កាលពីល្ងាចថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ​ស្ថិតនៅចំណុចអក្សរតេ ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូតខេត្តបាត់ដំបង។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោក សើ សាម៉េត ប្រធានគណកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា​ស្រុក បានពាំនាំប្រសាសន៍ របស់ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្តជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះទាំងអស់​ រួមទាំងបង្កឱ្យមានអ្នករបួសធ្ងន់ធ្ងរម្នាក់​ និងស្លាប់បាត់បង់ជីវិតម្នាក់ទៀតផងដែរ។ ទន្ទឹមនឹងនេះ​ លោកប្រធានគណៈកម្មាធិការអនុសាខា ក៏បានថ្លែងអំណរគុណ​ និងការកោតសរសេីរ​ ចំពោះ​កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់​នៃស្រុកសំឡូតដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តជួយ​អន្តរាគម​ន៍​ពន្លត់អគ្គិភ័យមិនឱ្យប៉ះពាល់ច្រេីនជាងនេះ​ ជាពិសេស ​កោតសរសេីរ​ចំពោះបងប្អូនអ្នកជិតខាងដែលមានទឹកចិត្តសប្បុរស ជួយទុក្ខធុរៈគ្នាក្នុងគ្រាមានអាសន្ន​ ដែលនេះជាស្មារតីមនុស្សធម៌​ចែករំលែកក្តីអាណិតស្រឡាញ់​ សាមគ្គីគ្នា​ ចេះជួយគ្នាក្នុងគ្រាមានអាសន្ន។

ជាមួយគ្នានេះ​ លោក សើ សាម៉េត ក៏បានពាំនាំសេចក្តីអំពាវនាវពីសំណាក់​ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ដែលផ្តាំផ្ញេីដល់បងប្អូនទាំងអស់សូមអនាម័យជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀសផុតពីជំងឺកូវីដ-១៩ និងបង្កាកុំអោយរីករាលដាលឆ្លងក្នុងសហគមន៍ទាំងអស់គ្នាជាពិសេសត្រូវចូលរួមអនុវត្តនូវវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម ៖ ៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) ។

លោក ផុន ណាវី បានថ្លែង អំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដោះស្រាយទុក្ខ​លំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកដោយគ្មានរេីសអេីងអ្វីឡេីយ។​

សូមបញ្ជាក់ថា​ គ្រួសាររងគ្រោះ​ទទួលបាន​ ៖​ អង្ករ២០kg ទឹកត្រី និងទឹកស៊ីអ៉ីវ១យួ ទឹកសុទ្ធ១យួរ និងថវិកាមួយចំនួនផងដែរ៕

#អរគុណសន្តិភាព