ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំក្រុមការងារ​ ចុះពិនិត្យមើលដំណើរការសាងសង់ទីលានចាក់សំរាមរបស់ក្រុងកំពង់ឆ្នាំង​

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញដឹកនាំក្រុមការងារ​ ចុះពិនិត្យមើលដំណើរការសាងសង់ទីលានចាក់សំរាមរបស់ក្រុងកំពង់ឆ្នាំង​ រួមជាមួយប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

គម្រោងសាងសង់ទីលានចាក់សំរាមនេះសាង់សង់លើផ្ទៃដីប្រមាណជាង ១០ហិកតា គឺជាគម្រោងកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចាប់ផ្ដើមសាងសង់កាលពីខែមេសា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១នេះ។ គម្រោងទាំងមូលរួមមាន កន្លែងចាក់សំរាម ស្រះសម្អាតទឹកកខ្វក់ចេញពីសំរាម ស្រះត្រងទឹកកខ្វក់ អគាររដ្ឋបាល អណ្ដូងសម្រាប់ត្រួតពិនិត្យគុណភាពទឹក ផ្លូវចូលទីលានកប់សំរាម បន្ទប់ម៉ាស៊ីនភ្លើង ប្រព័ន្ធលូរបង្ហូរទឹកភ្លៀង របងព័ទ្ធជុំវិញទីលានចាក់សំរាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

ជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ឯកឧត្ដមអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្ដល់គម្រោងដ៏មានសារៈសំខាន់នេះដល់ខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព អនាម័យ បរិស្ថានទីក្រុង ទីប្រជុំជន ធានាបានសុខុមាលភាពល្អប្រសើរជូនប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕

#អរគុណសន្តិភាព