ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី

លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី (RMA Cambodia Plc) កាលពី ថ្ងៃ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ ២០២១ នៅទីស្តីការក្រសួង។

នៅក្នុង ឱកាសនោះ លោកជំទាវរដ្ឋលេខាធិការបានមាន ប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់នេះ គឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតរវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ដើម្បីរួមចំណែកក្នុង ការអភិ    វឌ្ឍធនធានមនុស្សលើជំនាញបច្ចេកទេស ហើយ ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងក្លាយជាក្រុមហ៊ុនដៃគូសហការរបស់វិទ្យាស្ថានដំបូងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខាធិការ បានមាន ប្រសាសន៍ថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលបានចាប់អារម្មណ៍លើកិច្ចសហការជាមួយនឹងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមពង្រឹងគុណភាពអប់រំឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនួយបច្ចេកទេស ដែលជាគុណប្រយោជន៍ដល់និស្សិតអាចផ្តល់ឱ្យនិសិ្សតទទួលបាននូវភាពប្រសើរឡើងក្នុងឱកាសការងារ ជំនាញ ចំណេះដឹង និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមកផងដែរ។

ទន្ទឹមនឹងនេះ លោកជំទាវបានសម្តែងក្តីសង្ឃឹមថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹង  ផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីអភិវឌ្ឍន៍ការអប់រំ និងស្រាវជ្រាវលើជំនាញបច្ចេកទេសពាក់ព័ន្ធ បង្កើតឱ្យមានកម្មវិធី     បណ្តុះបណ្តាល កម្មវិធីនានារួមគ្នាផ្លាស់ប្តូរ ប្រើប្រាស់ឧបករណ៍ គ្រឿងបរិក្ខារ សម្ភារសំណង់ និងធនធានរួមគ្នា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្សេងៗទៀត។

ដោយ ឡែក ឯកឧត្តមនាយកវិទ្យាស្ថាន បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី ក្នុងទិសដៅពង្រីកលទ្ធភាពផ្តល់ការបណ្តុះបណ្តាលដល់និស្សិតឱ្យបានកាន់តែទូលំទូលាយ ជាក់លាក់ និងរឹងមាំលើជំនាញ ចំណេះដឹង និងសីលធម៌ ស្របតាមតម្រូវការរបស់សង្គម ។

ឯកឧត្តម បាន គូសបញ្ជាក់បន្ថែមទៀតថា ការបណ្តុះបណ្តាលរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ផ្តោតលើគុណតម្លៃសំខាន់ចំនួនបីគឺ៖ ១- ជំនាញ, ២- ចំណេះដឹង, និង៣- សីលធម៌ ។

ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ អាចធ្វើការជាមួយអ្នកដទៃប្រកបដោយសីលធម៌ គុណធម៌ អត្តចរិត ចរិយាសម្បត្តិ និងគុណតម្លៃត្រឹមត្រូវ ក្នុងឋាន:ជាអ្នកបន្តវេនប្រកបដោយសក្តានុពល និងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនាអនាគតកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដឹកជញ្ជូន។

សូមបញ្ជាក់ថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា គឺជាក្រុមហ៊ុនមួយមានភាពល្បីល្បាញ និងមានការទទួលស្គាល់លើឆាកអន្តរជាតិ និងមានឯកទេសផ្នែកវិស្វកម្មយានយន្ត បច្ចេក ទេស ឧបករណ៍ធុនធ្ងន់ ក៏ដូចជាបានចូលរួមយ៉ាងសកម្ម ក្នុងការ គាំទ្រដល់សកម្មភាពសង្គមទាំង ឡាយ ផងដែរ៕

#អរគុណសន្តិភាព

ប្រភព៖ ក្រសួងព័ត៌មាន