ឯកឧត្តម ខៀវ កាញារីទ្ធ៖ ចាប់ផ្តើមពីសតវត្សរ៍ទី២១នេះ រាជរដ្ឋាភិបាលបានអនុវត្តគោលការណ៍៤គឺ មនុស្ស ទឹក ភ្លើង និងផ្លូវ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ចាប់ផ្តើមពីសតវត្សរ៍ទី២១នេះ គឺកម្ពុជាបានប្ដូរ គោលការណ៍៤វិញ យកមនុស្ស ទឹក ភ្លើង និងផ្លូវ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបែបនេះ នៅក្នុងឱកាសនាំយកនូវរថយន្ត សង្គ្រោះបន្ទាន់ ០១ គ្រឿង រួមទាំងសម្ភារបរិក្ខារពេទ្យមួយចំនួន ជូនដល់មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ កោះសូទិន។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដា្ឋនស្រុកកោះសូទិន ខេត្តកំពង់ចាម បានជម្រាបជូនពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាកកម្ពុជា ក្នុងការលើកកម្ពស់ និងថែរក្សាសុខភាពរបស់ ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ។

ក្រៅពីសិទ្ធិរស់នៅ សិទ្ធិប្រកបរបរ សិទ្ធិសិក្សារៀនសូត្រ គឺសិទ្ធិទទួលបានការថែទាំសុខភាពជាការ ចាំបាច់បំផុត ព្រោះថា បើសិនជាប្រទេសជាតិមួយមានភាពរឹងមាំ អាស្រ័យដោយប្រជាជនមានសុខភាពល្អ និងមានចំណេះដឹង ខ្ពង់ខ្ពស់ ដែលទាំងនេះគឺជាគោលការណ៍ចម្បងរបស់ប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តម រដ្ឋមន្រ្តី បានរំឭកដែរថា កាលពីអំឡុងឆ្នាំ១៩៧៩ និង ១៩៨០ គឺកម្ពុជាមានគោលការណ៍៤ រួមមាន ទឹក ភ្លើង ផ្លូវ និង មនុស្ស។

ប៉ុន្តែចាប់ផ្តើមពីសតវត្សរ៍ទី២១នេះវិញបានប្តូរយកមនុស្សមុន ទឹក ភ្លើង ផ្លូវ វិញ ហើយបានដាក់ចេញនូវ គោលការណ៍បណ្តុះបណ្តាល ធនធានមនុស្សជាសំខាន់ ក្នុងនោះ ខាងផ្នែកសុខាភិបាល បានដើរតួនាទីមិនអាចខ្វះបាន សម្រាប់ពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្តថា សម្រាប់ការចាក់វ៉ាក់សាំង រហូតមកដល់ពេលនេះបានប្រមាណជាង៩០ភាគរយហើយ ទើបអាចធានាបាន កុំឲ្យការរីករាលដាលនៃការឆ្លងកូវីដបំប្លែងថ្មី Deltaបាន ។

ទោះបីមានការចាក់លើកទី ២ និងលើកទី៣ ហើយក៏ដោយ គឺគ្រប់បណ្តាប្រទេសទាំងអស់ នៅតែអនុវត្តន៍តាមវិធានសុខាភិបាលដដែល ក្នុងនោះប្រទេសកម្ពុជា ដាក់ចេញគោលការណ៍ ៣កុំ ៣ការពារ ដើម្បីធានាបានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ៕