រដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្អែកនេះ

ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថាអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង មានអាហារការងារពេលព្រឹកជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។

ឯកឧត្តម វ៉ាង យី នឹងអញ្ជើញមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ សន្តិសុខ និងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួម ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម វ៉ាង យី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងក្លាយជាទីតាំងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ហើយដែលក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC) និង ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធាន CAMSOC ក៏នឹងមានវត្តមានផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ក៏នឹងអញ្ជើញធ្វើជាសាក្សី និងអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏សំខាន់មួយចំនួនផងដែរ។

ប្រភពដដែលបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម វ៉ាង យី មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន៕