សម្តេចតេជោហ៊ុនសែន៖ នៅលើពិភពលោកនេះ គឺមានតែកម្ពុជាមួយគត់ដែលមានវ៉ាក់សាំងស្រោចក្នុងទីក្រុង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថានៅលើពិភពលោក គឺមានតែកម្ពុជា មួយគត់ដែលមានវ៉ាក់សាំងស្រោចក្នុងរាជធានី ខណៈដែលក្រុងប៉េកាំង ក៏មិនទាន់មានការចាក់វ៉ាក់សាំងស្រោច ដូចកម្ពុជានោះដែរ។

ថ្លែងក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រសិនបើឥឡូវនេះ ចិនមិនជួយក្នុងការផ្តល់និងផ្គត់ផ្គង់វ៉ាក់សំាង តើពេលនេះពលរដ្ឋកម្ពុជាទាំងអស់បានចាក់វ៉ាក់សាំង ហើយឬនៅ?

សម្តេចបញ្ជាក់ថា ពេលនេះកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ហើយក្នុងពេលនេះ មានក្រុមគ្រូពេទ្យជួរមុខ កីឡាករ និងអ្នកសារព័ត៌មាន បានទទួលការចាក់ ដូសទី៣ហើយដែរ។ សម្តេចបន្ថែមថា កម្ពុជាមិនដែលទាត់ចោលជំនួយរបស់អ្នកណាទាំងអស់ ហើយកម្ពុជាក៏មិនដែលប្រាប់ថាយកអ្នកណាធ្វើជាសត្រូវនោះដែរ។

ប៉ុន្តែបញ្ហាវាស្ថិតនៅត្រង់អត់មានអ្នកណាជួយ។សម្តេចសង្កត់ធ្ងន់ថាបើ គ្មានចិនជួយផ្តល់ ជួយផ្គត់ផ្គង់វ៉ាក់សាំងជាច្រើន ដល់កម្ពុជានោះទេ មកដល់ពេលនេះ ច្រើនណាស់កម្ពុជាអាចចាក់បានតែ២លាន នាក់ប៉ុណ្ណោះ។  «ឥឡូវនៅត្រឹមយប់នេះយើងអាចចាក់បានរហូតដល់ ១១លាន៥សែននាក់បានចាក់រួចទៅហើយ ។ ហើយនៅក្នុងចំណោម ១១លានកន្លះ នេះ មានអ្នកចាក់ដូស ទី៣ ចំនួន៨០ម៉ឺននាក់រួចស្រេចទៅហើយ។ហើយកូនក្មេង១លាន៦សែននាក់ហើយ ហើយ ខេត្តខ្លះក៏បានបិទ បញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជុំទី១រួចហើយ។

ហើយនៅ ក្នុងនោះមានគេនិយាយថា មានតែកម្ពុជា មួយគត់ដែលមានវ៉ាក់សាំងស្រោចនៅរាជធានី សូម្បីតែទីក្រុងប៉េកាំង ប្រហែលជាពេលនេះ មិនទាន់ចាក់ដល់ ភាគរយនៃចំនួន ៩៩ភាគរយនៃប្រជាជននោះទេ។ ប៉ុន្តែ ភ្នំពេញស្រោចវ៉ាក់សាំងយកតែម្ដង ដែលកាសែតអូស្រ្តាលី ថ្ងៃមុនផ្សាយថា ដោយសារកម្ពុជា ស្និទ្ធស្នាលជាមួយចិន ទើបកម្ពុជា បានចាក់វ៉ាក់សាំងច្រើនជាងគេ នៅក្នុងរាជធានីរបស់ខ្លួន ។

នេះគឺជារឿងពិត មិនមែនជារឿងប្រឌិត ហើយលើក យកមកនិយាយខុសរឿង នោះទេ»។ ក្នុងឱកាលនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបាន ប្រកាសដែរថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ប្រទេស កម្ពុជានឹងប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងដូស ទី៣ ដើម្បីឈានទៅរកការបើក សាលារៀន និងសេដ្ឋកិច្ចឡើងវិញនោះ៕