លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៧ នៃរដ្ឋសភា ដើម្បីពិនិត្យពីវឌ្ឍនភាពការងារក្រសួងក្រោមបន្ទុក

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំរវាងក្រសួងធម្មការ និងសាសនា ដើម្បីពិនិត្យពីវឌ្ឍនភាពការងារមួយចំនួន។

កិច្ចប្រជុំនេះ ជាការបន្តអនុវត្តតួនាទី ភារកិច្ចរបស់គណៈកម្មការទី៧ ក្នុងការតាមដានការអនុវត្តច្បាប់ និងគោលនយោបាយដោយក្រសួងក្រោមបន្ទុក ស្របតាមតួនាទី ភារកិច្ច របស់គណៈកម្មការទី៧ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា និងសេចក្តីសម្រេចលេខ០០៧រស ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការទី៧ នៃរដ្ឋសភា។

ខ្លឹមសារសំខាន់ៗ នៃកិច្ចប្រជុំនេះរួមមាន៖ ការយកចិត្តទុកដាក់របស់គណៈកម្មការទី៧ និងកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រសួងធម្មការ និងសាសនា ក្នុងការងារសុខដុមនីយកម្មសាសនា ដែលធ្វើឲ្យសង្គមសុខសាន្តរស់នៅចុះសម្រុងគ្នា និងការងារអប់រំបណ្តុះបណ្តាលក្នុងសាសនា ដែលបព្វជិត ជាកូនចៅប្រជាពលរដ្ឋបានទទួលចំណេះដឹងទាំងផ្លូវលោក និងផ្លូវធម៌ ដែលជាការជួយសង្គមមួយយ៉ាងធំធេង។

តាមរយៈជំនួបនេះ គណៈកម្មការទី៧ បង្ហាញពីការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្រោមឱវាទ នៃក្រសួង ឲ្យបន្តខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ចជាបន្តបន្ទាប់ និងជួយផ្សព្វផ្សាយ និងរំលេចពីវិធានការរបស់ក្រសួង ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ក្នុងកាលៈទេសៈដ៏លំបាកនេះ គណៈកម្មការ និងក្រសួង បានទទួលស្គាល់សារៈសំខាន់ នៃការចូលរួម នៃវិស័យសាសនាដើម្បីជាផ្នែកមួយ នៃដំណោះស្រាយចំពោះសង្គមទាំងការផ្សព្វផ្សាយធម៌ ឲ្យចិត្តស្ងប់ និងការជួយឧបត្ថម្ភជាសម្ភារៈផ្សេងៗ របស់ព្រះសង្ឃ ក៏ដូចជាបព្វជិតនានា។

គណៈកម្មការ និងក្រសួង បាននិងកំពុងគិតគូររួមគ្នាចំពោះកម្មវិធីសាសនានា នៅពេលខាងមុខ សំដៅរៀបចំយន្តការបង្ការពីហានិភ័យ នៃការរីករាលដាល នៃជំងឺកូវីដ១៩៕

Previous Article
Next Article