ឯកឧត្តម សោម ពិសិដ្ឋ អញ្ជើញចូលរួមក្នុងពិធី ការបើកការដ្ឋានជួសជុល និងចាក់បេតុងអាមេលើផ្លូវមួយខ្សែនៅសង្កាត់កែប

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមក្នុងពិធី ការបើកការដ្ឋានជួសជុល និងចាក់បេតុងអាមេលើផ្លូវមួយខ្សែ ដែលមានប្រវែង១,២៥០ម៉ែត្រ និងទទឹង១០ម៉ែត្រ ស្ថិតក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុង/ខេត្តកែប កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ និងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមាន ប្រសាសន៍ថា ការបើកការដ្ឋានជួសជុល និងចាក់បេតុងអាមេលើផ្លូវមួយខ្សែនេះ គឺអនុវត្តន៍ តាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសម្រាល និងបំពេញតម្រូវការរបស់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងជួបនូវការលំបាក ម្យ៉ាងទៀតក៏ជាការចូលរួមចំណែក កែលម្អ សោភណភាព ក្នុងក្រុងកែប របស់យើងផងដែរ។

ឯកឧត្តមបានបន្ថែមទៀតថា នេះជាសកម្មភាពមួយដោយអនុវត្តន៍ តាមគោល នយោបាយជាតិដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយផ្តោតសំខាន់លើ មនុស្ស ទឹក ផ្លូវ ភ្លើង ហើយផ្លូវនេះពិតជាមានសារៈសំខាន់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់អាចធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះទៅកាន់ឆ្នេរកែប ឬដឹកជញ្ជូនកសិផលទៅកាន់ ទីផ្សារបានយ៉ាងឆាប់រហ័ស និងងាយស្រួលផងដែរ។

 

ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាបងប្អូនប្រជា ពលរដ្ឋសូមចូលរួមសហការគ្នាថែរក្សា និងដាំដើមឈើនៅតាមបណ្តោយផ្លូវនេះ ដើម្បីបង្កើតនូវសោភណភាព និងជាប្រយោជន៍សាធារណៈបានយូរអង្វែង។

ជាមួយគ្នានោះ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ឪពុកម្ដាយ ដែលមានកូនចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ សូមនាំកូនទៅទទួល ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគា្ន និងត្រូវចូលរួមអនុវត្តន៍វិធានការ ៣ការពារ ៣កុំ ទើបមិនមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។

 

សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៣៣ កាត់ខាងក្រោយវត្តកែវ ក្រសាំង ឆ្ពោះទៅផ្លូវជាតិលេខ៣៣អា៕