រដ្ឋបាលខេត្តកំពង់ឆ្នាំង អប់រំផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

នៅសាលខេត្តកំពង់ឆ្នាំង ថ្ងៃ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើការអប់រំផ្សព្វផ្សា អំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋដែលជាសះស្បើយពីជំងឺកូវីដ-១៩ និងគ្រួសាររងផលបះពាល់នូវជំងឺកូវីដ-១៩ មកពីឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរដែនដី ។

លោក អម សុភា បានមានប្រសាសន៍ ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺកូវីដ-១៩ យើងមិនអាចដឹងថា អ្នកផ្ទុក ឬក៏មិនមានទេ ព្រោះយើងមើលមិនដឹងនោះទេ។ ដូចនេះយើងត្រូវតែគិតពីសុខភាពរបស់ខ្លួន ដោយអនុវត្តន៍តាមវិធានការរបស់រដ្ឋបាលខេត្ត វិធានការរបស់ក្រសួងមហាផ្ទៃ វិធានការរបស់ក្រសួងសុខាភិបាល និង អនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង ៣កុំ ឱ្យបានជាប់ជាប្រចាំទើបធ្វើឱ្យយើងមានសុវត្ថិភាពសម្រាប់ខ្លួនឯង និង សម្រាប់ក្រុមគ្រួសារ និងមជ្ឈដ្ឋានជុំវិញខ្លួន ។

លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា ការចម្លងនៃមេរោគកូវីដ-១៩ និង វិធីសាស្ត្រទប់ស្កាត់កុំឱ្យឆ្លង គឺការអនុវត្តទៅតាមវិធានការនានារបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ ដូចជាកាលាងសំអាតដៃឱ្យបានញឹកញាប់ ការក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស គឺពិតជាអាចទប់ស្កាត់បានការចម្លងនៃជំងឺកូវីដ-១៩នេះ ប្រកបដោយប្រសិទ្ធភាព ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំអស់ត្រូវតែអនុវត្តន៍ឱ្យបានតឹងរឹងបំផុត ។

ក្នុងឱកាសនោះដែរលោកអភិបាលរង និងក្រុមការងារ ក៏បានផ្ដល់អំណោយដល់គ្រួសារដែលជាសះស្បើយ និងរងផលបះពាល់នូវជំងឺកូវីដ-១៩ ចំនួន៩គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ៥០គីឡូក្រាម, ត្រីខ១០កំប៉ុង និងទឹកសុទ្ធ១យួរផងដែរ៕