សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសរបស់ អ ស ប ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា

នៅល្ងាចថ្ងៃទី ២២ ខែ កញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកឧត្តមសាស្រ្តាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់ អ ស ប ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជាតាមប្រព័ន្ធវីដេអូ នៅភូមិគ្រឹះសម្តេចនាក្រុងតាខ្មៅខេត្តកណ្តាល ។

បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបតាមអនឡាញនេះ ឯកឧត្តម មុនតាប៊ន បានសំដែងនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់ ចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការស្រោចវ៉ាក់សាំងដល់ប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ -១៩។ ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានគោរពស្នើ សុំស្វែងយល់ពីសម្ដេចតេជោ លើករណី ចំនួន ៤។ ករណីទី១. គឺជាអាទិភាពរបស់កម្ពុជា លើបញ្ហាសិទ្ធិមនុស្ស, ទី២.មេរៀនដែលរៀនបាន អំពីជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ,ទី៣.ករណីការពង្រីកលំហសេដ្ឋកិច្ច សង្គមស៊ីវិលនិងនយោបាយ និង ករណីទី៤. សូមគោរពស្វែងយល់ ពីសម្តេចតេជោ នូវអ្វីដែលឯកឧត្តមគួរធ្វើ ដើម្បីគាំទ្រដល់កម្ពុជាលើវិស័យសិទ្ធិមនុស្ស។

ជាការឆ្លើយតប សម្តេចតេជោ បានជម្រាបជូនឯកឧត្តមថា ទី១.អាទិភាពរបស់កម្ពុជា តាំងពីដើម ដល់ពេលនេះ គឺដើម្បីសិទ្ធិរស់រានមាន ជីវិតរបស់កម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញផង ស្របតាមអនុសញ្ញាអន្តរជាតិផង ហើយដើម្បីរក្សាសិទ្ធិរស់រានមានជីវិតនេះ កម្ពុជាដាច់ខាត ត្រូវតែរក្សាឲ្យខាងតែបាន នូវសុខសន្តិភាព និងស្ថិរភាពសង្គម រួមជាមួយនឹងចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាជនកម្ពុជា ផងដែរ។ ទី២.កម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះអ្នកជាប់ទោស ដែលមានទោសស្រាលជាស្ត្រី និងអ្នកដែលមានកូនជាដើម តាមរយៈរៀបចំ កន្លែងថ្មីជូនពួកគាត់ ឬក៏ផ្ទេរពួកគាត់ទៅកន្លែងថ្មី ចៀសវាងការឆ្លងនូវជំងឺកូវីដ-១៩ ។លើសពីនោះទៀត កម្ពុជាក៏មិនមើលរំលង អ្នកជាប់ទោសទាំងអស់នោះដែរ គឺកម្ពុជាបានផ្ដល់ការចាក់វ៉ាក់សាំង ជូនពួកគាត់ដូសទី១ ដូសទី២រួចហើយ ហើយថែមទាំងត្រៀមរៀប ចំចាក់ដូសទី៣ ជូនទៀតផង។ ទី៣. កម្ពុជាចង់មានបរិស្ថានសង្គមកិច្ច សេដ្ឋកិច្ច និងនយោបាយល្អ ជាមួយនឹងលំហលទ្ធិប្រជាធិបតេយ្យ និងទី៤. អ្វីដែលកម្ពុជា ចង់បានកិច្ចសហប្រតិបត្តិការពីឯកឧត្តម មុនតាប៊ននោះ គឺការបង្កើតនូវបរិយាកាស ដែលមានជំនឿជឿជាក់គ្នា ទៅវិញទៅមក ប្រកបដោយន័យស្ថាបនា ឈានឆ្ពោះទៅមុខ លើបញ្ហាសិទ្ធិមនុស្ស ដែលមិនទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក៕

Previous Article
Next Article