អភិបាលខេត្តបាត់ដំបង ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនដល់ក្រុមកុមារអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ

នៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយអភិបាលរងខេត្ត អភិបាលក្រុងបាត់ដំបង បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនដល់ក្រុមកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅ សាលាបឋមសិក្សា២ធ្នូ ក្រុងបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្របខ័ណ្ឌទូទាំងខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតា និងអាណាព្យាបាល ព្រមទាំងសាធារណជនទាំងអស់ នាំបុត្រធីតា ឬសាច់ញាតិ ដែលមានអាយុចាប់ពី៦ឆ្នាំទៅដល់អាយុក្រោម១២ឆ្នាំ មកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។ ដោយភ្ជាប់នូវឯកសារមួយចំនួនដូចជា សំបុត្រកំណើត សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងអាចដំណើរការសិក្សា នៅសាលាផ្ទាល់សម្រាប់ថ្នាក់បឋមសិក្សា ដែលជាថ្នាក់គ្រឹះដំបូងមុនចូលដល់ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យនោះ។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបាត់ដំបង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ក្នុងក្របខ័ណ្ឌទូទាំងខេត្តបាត់ដំបង ដោយដំណើរការចាក់វ៉ាក់សាំងប្រព្រឹត្តទៅនៅមណ្ឌលចាក់វ៉ាក់សាំង ដែល រដ្ឋបាលខេត្តបាត់ដំបង បានកំណត់នៅតាមបណ្ដាស្រុកនានាក្នុងខេត្តបាត់ដំបង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ទៅ ៕