ក្រសួងបរិស្ថាន និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បន្តកិច្ចសហការគ្នាអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាព

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានជួបប្រជុំទ្វេភាគី ជាមួយលោក Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងសហការី តាមរយៈប្រព័ន្ធវីដេអូ (Zoom) ក្នុងគោលដៅបន្តកិច្ចសហការអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាព។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ម្សិលមិញ ដោយផ្តោតការពិភាក្សាពីកិច្ចសហការលើការអភិវឌ្ឍបៃតង ដោយផ្តោតលើវឌ្ឍនភាពការងារកន្លងមក និងទិសដៅបន្តពាក់ព័ន្ធនឹងគម្រោងមួយចំនួន ដូចជា គម្រោងលើកកម្ពស់ការអនុវត្តថាមពលដោយនិរន្តរភាព នៅក្នុងវិស័យកាត់ដេរនៅកម្ពុជា គម្រោងទាញកែច្នៃសំណល់រឹងទៅជាថាមពលឥន្ទនៈចំហេះពីសំរាម (RDF) ការគ្រប់គ្រងសំណល់រឹង និងនគរូបនីយកម្ម។

ក្រសួងបរិស្ថាន និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បន្តកិច្ចសហការគ្នាអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាព

ជាលទ្ធផលនៃកិច្ចប្រជុំគឹ ១. ភាគីកម្ពុជាស្នើសុំឱ្យ GGGI ជួយកៀរគរធនធានក្នុងវិស័យគ្រប់គ្រងសំណល់រឹង ដោយស្វែងរកលទ្ធភាពនៃការទទួលបានឧបករណ៍ រថយន្តដឹកសំរាម និងឡដុតសំណល់ជាដើម។ ២. កម្ពុជាគាំទ្រ GGGI ក្នុងការកៀរគរធនធានសម្រាប់ការសិក្សាសមិទ្ធលទ្ធភាពពេញលេញ នៃការកែច្នៃសំណល់រឹងទៅជាថាមពលឥន្ទនៈចំហេះពីសំរាម (RDF) នៅកម្ពុជា។

៣. ភាគីកម្ពុជា និង GGGI ឯកភាពគ្នាការរៀបចំក្រុងឱ្យកាន់តែមានភាពបៃតង ស្របតាមបរិបថថ្មីរបស់កម្ពុជា។ ៤. កម្ពុជា និងGGGI ឯកភាពគ្នាក្នុងការស្វែងរកឱកាសនៃទីផ្សារកាបូន សម្រាប់ឥណទានកាបូនចេញពីការកាត់បន្ថយការប្រើប្រាស់ថាមពល ដូចជាក្នុងវិស័យកាត់ដេរ ដែលមានសក្តានុពលសម្រាប់ទីផ្សារអឺរ៉ុប ៕