អគារមជ្ឈមណ្ឌលប្រមូលផ្តុំកសិផលនៅខេត្តប៉ៃលិនត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ប៉ៃលិន៖ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈមណ្ឌលប្រមូលផ្តុំកសិផលរបស់គម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងអាកាសធាតុ ស្ថិតនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

ផ្នែកមួយចែករំលែកនូវបទពិសោធន៍ថ្មី និង ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដោយបានកំណត់គោលដៅយ៉ាងច្បាស់ ក្នុងការជួយដល់កសិករក្រីក្រខ្នាតតូចសរុបទូទាំងខេត្ត ចំនួន ១៤៩៤គ្រួសារ តាមរយៈការកែលម្អផលិតភាពកសិកម្ម និងបង្កើនភាពធន់ នៃការប្រកបមុខរបរកសិកម្មឱ្យបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ ។

លោកជំទាវអភិបាលខេត្តបន្តថា  ក្នុងដំណាក់កាលការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានផ្តល់ថវិកាឧបត្ថម្ភ និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន តាមរយៈការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងពូជ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយដោះស្រាយ បញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ 

លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់កសិករផលិតទាំងអស់ ដើម្បីសម្រេចគោលដៅខាងលើនេះ គឺត្រូវសហការគ្នាជាក្រុមបណ្តុំ និងរៀបចំផែនការផលិតឱ្យបានច្បាស់លាស់ ទៅតាមរដូវកាល និងទីផ្សារ ដោយអនុវត្តបច្ចេកទេសទំនើប និងការប្រើប្រាស់ធាតុចូលកសិកម្មសមស្រប ជាពិសេសកសិករយើង ត្រូវតែមានឆន្ទៈចូលរួមគិត ចូលរួមធ្វើ និងចូលរួមទទួលផល ក្នុងនោះត្រូវធ្វើការវិនិយោគទាំងពេលវេលា និង ធនធានផ្ទាល់ជាមួយកម្មវិធី។ 

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានឱ្យដឹងថា៖ អគារមជ្ឈមណ្ឌលប្រមូលផ្តុំកសិផល របស់គម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងអាកាសធាតុ គឺមាន ទំហំ ៥ម X ៧ម ដោយមានចំនួន ៣ទីតាំង ដោយទីតាំងទី១-ស្ថិតនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ, ទីតាំងទី២-ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ និងទីតាំងទី៣-ស្ថិតនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ៕

Previous Article
Next Article