អាជ្ញាធរជាតិអប្សរា រៀបចំព្រឹត្តិការណ៍ «រម្លឹកគុណអង្គរ» ជាលើកដំបូង

សៀមរាប៖ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅរសៀលថ្ងៃ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១ថា អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិ ការណ៍រម្លឹកគុណអង្គររយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់១៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងដើម្បីរម្លឹកគុណដល់បុព្វការីជន ដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរ ឱ្យបានស្ថិតស្ថេរគង់វង្សមកដល់សព្វថ្ងៃ។ រក្សាភាពស័ក្តិសិទ្ធិ ក្នុងបរិបទសាកលភារូបនីយកម្ម ក៏ដូចជា ការរម្លឹកឡើងវិញនូវកេរដំណែល នៃពិធីដឹងគុណព្រះមហាក្សត្រដែលបានអនុវត្តក្នុងសម័យអង្គរ ក្រោមរូបភាពពិធីឡើងសូយសារអាករពីរដ្ឋចំណុះ ។ ជាពិរសសដើម្បីសម្តែងកតញ្ញុតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះ បង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌។

លោកអគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបន្តថា នេះជាលើកដំបូងហើយដែលអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តិការណ៍រម្លឹកគុណអង្គរនេះ ហើយចាប់ពេលនេះទៅ ព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិកាណ៍ប្រចាំឆ្នាំ ដើម្បីបង្ហាញពីការរម្លឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រ ដែលកត្តានេះបង្ហាញពីមោទនៈភាពសម្រាប់យើងទាំងអស់គ្នា ព្រោះអង្គរស្ថិតនៅក្នុងដូងចិត្តរបស់យើងគ្រប់គ្នា៕

Previous Article
Next Article