ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង

នាព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តស្វាយរៀង ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង។

ក្នុងពិធីនេះដែរ មានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តមអគ្គនាយករង លោកស្នងការនៃស្នងការដ្ឋាននរគបាលខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចំណុះខេត្តស្វាយរៀង ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានមានមតិស្វាគមន៍ និងរាយការណ៍ដោយសង្ខេប ជូនឯកឧត្តម រដ្ឋលេខាធិការ និងអង្គពីធីទាំងមូល អំពីវឌ្ឍនភាពការងាររបស់ខេត្តស្វាយរៀងទាំងមូល ព្រមទាំងវិធានការបង្ការ ទប់ស្កាត់ និងការដោះស្រាយផលប៉ះពាល់នានាបណ្តាលមកពីជំងឺកូវីដ-១៩។

ជាកិច្ចបន្ទាប់ ឯកឧត្តម រដ្ឋលេខាធិការ បានអញ្ជើញថ្លែងសុន្ទរកថាកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមករបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលខេត្ត អង្គភាពជំនាញ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ក្នុងដែនដីខេត្តស្វាយរៀង ព្រមទាំងបានសម្ដែងនូវការអបអរសាទរចំពោះអភិបាលរងខេត្តទាំង ៤រូប ដែលត្រវបានរាជរដ្ឋាភិបាលផ្តល់សេចក្ដីទុកចិត្តតែងតាំងជាអភិបាលរងនៃអគណៈអភិបាលខេត្តស្វាយរៀង។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អង្គភាពជំនាញទាំងអស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដូចតទៅ៖ ត្រូវខិតខំអស់កម្លាំងកាយចិត្តចូលរួមបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ, ត្រូវបន្តអនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់នានា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជូននូវវិធានការ «៣ការពារ ៣កុំ» ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

គ្រប់អាជ្ញាធរពាក់ព័ន្ធនិងកងកម្លាំងប្រដាប់អាវុធត្រូវបង្កើនកិច្ចសហការក្នុងការគ្រប់គ្រង អភិវឌ្ឍ និងថែរក្សាការពារតំបន់តាមព្រំដែន ដើម្បីធានាបាននូវបូរណភាពទឹកដី និងអធិបតេយ្យជាតិ, ត្រូវបន្តជំរុញការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយគណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ និងត្រូវចូលរួមជំរុញការអនុវត្តឱ្យបានល្អប្រសើរនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយត្រូវយល់ដឹងអំពីរចនាសម្ព័ន្ធ តួនាទី សិទ្ធិអំណាចរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រូវអភិវឌ្ឍខ្លួនឱ្យក្លាយជារដ្ឋបាលអេឡិចត្រូនិច ដើម្បីឆ្លើយតបទៅនឹងតម្រូវការមូលដ្ឋាន ក៏ដូចជាការរីកចម្រើនសាកល។

រីឯការដឹកនាំ គ្រប់គ្រង និងរបៀបរបបការងាររបស់រដ្ឋបាលខេត្ត ត្រូវអនុវត្តស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុង ស្រុក ខណ្ឌ ដោយផ្តល់សិទ្ធិអំណាចដល់ក្រុមប្រឹក្សា ក្នុងការរៀបចំ និងអនុម័តគោលនយោបាយ ផែនការថវិកា និងវាយតម្លៃលើការងារប្រតិបត្តិរបស់គណៈអភិបាល។ ចំពោះការបំពេញតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បាននិងកំពុងសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត រៀបចំវគ្គបណ្តុះបណ្តាល តម្រង់ទិសដល់សមាជិកក្រុមប្រឹក្សាដែលទើបជាប់អាណត្តិថ្មីប្រមាណជាងប្រាំពាន់នាក់ ដើម្បីឱ្យឃុំ សង្កាត់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន និងកាតព្វកិច្ចតាមផ្លូវច្បាប់ឱ្យបានល្អប្រសើរ ក្នុងនាមជាអាជ្ញាធរសាធារណៈ តំណាងរបស់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការបានប្រសិទ្ធពរជ័យជូនគណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងចៀសឆ្ងាយពីជំងឺកាចសាហាវផងទាំងពូង ជាពិសេសគឺសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អគ្គមគ្គុទេសដែលនាំសន្តិភាពមកដល់កម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ៕