ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង​ ប្រធាន អនុប្រធាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃពន្ធនាគារខេត្តកែប ចំនួន១០រូប​

ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង​ ប្រធាន អនុប្រធាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃពន្ធនាគារខេត្តកែប ចំនួន១០រូប​ ក្នុងពិធីប្រកាសចូលកាន់តំណែងនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប​ ឯកឧត្ដម​ ប្រតិភូ​អមដំណេីរ​ ឯកឧត្ដម​រដ្ឋលេខាធិការ​ ឯកឧត្ដម​ តំណាង​សាលាដំបូងខេត្តកែប​ លោកឧត្ដមសេនីយ៍​ វរសេនីយ៍​ កងកម្លាំងទាំងបី​ អភិបាល​ក្រុង​ស្រុក​ ថ្នាក់ដឹកនាំមន្ទីរ​ និងមន្ត្រីពាក់ព័ន្ធ​សរុបជាង២០០នាក់។

​ មានមតិស្វាគមន៍ក្នងពិធីចូលកាន់មុខតំណែងនាឱកាសនោះ​ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថា៖​ កន្លងមកខេត្តកែប ពុំមានរចនាសម្ព័ន្ធអង្គភាពរដ្ឋគ្រប់ដូចទៅនឹងបណ្តាខេត្ត រាជធានីផ្សេងៗនោះទេ ដោយមើលឃើញពីការលំបាកក្នុងការគ្រប់គ្រងប្រតិបត្តិការងារជំនាញ​ ត្រូវពឹងផ្អែកលើកិច្ចសហការរបស់ខេត្តកំពត ដើម្បីបំពេញសម្បទាខេត្តកែប អោយបានសក្តិសមនឹងគ្រប់រចនាសម្ព័ន្ធរដ្ឋបាល​ រាជរដ្ឋាភិបាលបានបង្កើតអោយមានអង្គភាពរតនាគារខេត្តនៅឆ្នាំ២០១៤ បន្ទាប់មកសាលាដំបូងខេត្តកែប​ នៅឆ្នាំ២០២១ ដោយនៅខ្វះអង្គភាពពន្ធនាគារខេត្ត​ ដែលមានភារកិច្ចគ្រប់គ្រងទណ្ឌិត។ គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ជនជាប់ឃុំរបស់ខេត្តកែប ដែលបាននឹងកំពុងឃុំឃាំងនៅពន្ធនាគារខេត្តកំពត​ មានចំនួន៧៥នាក់ ស្រី៣នាក់ និងជនជាតិបរទេស ០១នាក់ និងអនីតិជន ២នាក់។

ឯកឧត្តម​ បន្តថា ថ្ងៃនេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃសម្រេចបង្កើតអោយមានអង្គភាពពន្ធនាគារខេត្ត​ ដែលបានឆ្លើយតបចំគោលដៅនៃតម្រូវការរបស់ខេត្តចង់បានជាយូរមកហើយ។ ឯកឧត្តមសង្ឃឹមថា លោក ព្រាប ឌន ប្រធានពន្ធនាគារ និងមន្ត្រីនៃរចនាសម្ព័ន្ធ ពន្ធនាគារខេត្ត ដែលបានទទួលមុខតំណែងថ្មីនៅថ្ងៃនេះ និងខិតខំដឹកនាំបំពេញតួនាទីភារកិច្ច និងផ្តល់កិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធអោយបានល្អប្រសើរ។

​ មានប្រសាសន៍សំណេះសំណាលនឹងណែនាំនាឱកាសនោះ​ ឯកឧត្តម ប៉ាវ ហមផាន បានលើកឡើងថា មន្ត្រីពន្ធនាគារដែលទេីបតែងតាំងថ្មី ត្រូវមានសាមគ្គីភាព ត្រូវគោរពតួនាទីខ្លួនឯង មិនត្រូវយកតួនាទីរបស់ខ្លួន ទៅគៀបសង្កត់អ្នកទោសឡើយ ហើយគ្មានជនណាម្នាក់ យកអ្នកជាប់ពន្ធនាគារចេញជាដាច់ខាត បើគ្មានការអនុញ្ញាត លិខិតស្នាមត្រឹមត្រូវ និងមិនត្រូវយកអ្នកណាម្នាក់ ចូលពន្ធនាគារដោយគ្មានលិខិតស្នាមចេញដោយស្ថាប័នយុត្តាធិការ(តុលាការ)ឡើយ។

ត្រូវរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់នៅក្នុងពន្ធនាគារ ហើយមន្ត្រីពន្ធនាគារ ត្រូវទប់ស្កាត់ការជ្រាបចូលនូវអ្វីដែលហាមឃាត់ ដូចជាវត្ថុប៉ះពាល់ដល់សុខសុវត្ថិភាព ដល់អ្នកជាប់ឃុំ ទប់ស្កាត់សារធាតុគ្រឿងញៀន ទប់ស្កាត់គ្រឿងស្រវឹងជាដាច់ខាត។

​ ដេីម្បីអោយមន្ត្រីដែលទេីបតែងតាំងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអោយកាន់តែមានប្រសិទ្ធភាព ឯកឧត្តម ប៉ាវ ហមផាន ក៍បានផ្តល់កាណែនាំដល់លោក ឧត្តមអគ្គានុរក្ស ព្រាប ឌន ប្រធានពន្ធនាគារ និងអនុប្រធាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ ទាំង១០រូបដែលទើបចូលកាន់ដំណែងថ្មី ត្រូវចូលរួមអនុត្តដូចខាងក្រោម៖

១-ត្រូវគិតពីនិរន្តរភាព និងប្រសិទ្ធភាព ក្នុងការដឹកនាំជាចំបង
២-ត្រូវជំរុញការងារកំណែទម្រង់ដោយផ្តោតលើចំណុចសំខាន់២គឺ
-ការងារធនធានមនុស្ស
-ការងារសុខភាពក្នុងពន្ធនាគារ
៣-ត្រូវយកចិត្តទុកដាក់កសាងស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស។
៤-ត្រូវរក្សាទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធអោយបានប្រសើរបន្ថែមទៀត។

ក្នុងឳកាសដ៏វិសេសវិសាលនោះ ឯកឧត្តមសូមស្នើដល់ឯកឧត្តមក្រុមប្រឹក្សាខេត្ត​ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងអង្គភាពនានា មេត្តាផ្ដល់ការគាំទ្រជួយអោយពន្ធនាគារខេត្ត អាចដំណើរការ និងបំពេញភារកិច្ច ទៅបានដោយជោគជ័យ៕