ស្រូវមិត្ដក្រៀលចំនួន៧៥តោន ត្រូវបានគម្រោងទិញពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារ

ស្រូវមិត្ដក្រៀលចំនួន៧៥តោន ត្រូវបានគម្រោងទិញពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារ ដែលបានជួយ សម្រួលជីវភាពបងប្អួនប្រជាកសិករនៅសហគមន៍ការពារទេសភាពអន្លង់ព្រីង ក្នុងគោលដៅការពារ និង អភិរក្សធនធានធម្មជាតិជីវៈចម្រុះ។

លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាបានឲ្យដឹងថា ក្រោយពីបញ្ចប់ការច្រូតកាត់ ឆ្នាំ២០២២នេះ មានកសិករចំនួន៤៩គ្រួសារបានលក់ស្រូវរបស់គាត់ប្រមាណជា៧៥តោន ដោយឡែក៥១ គ្រួសារទៀត បានសម្រេចទុកស្រូវដែលផលិតបានទាំងអស់សម្រាប់បរិភោគ។

លោកបានបន្តថា គោលដៅនៃការដាំដុះស្រូវមិត្តសត្វក្រៀល ប្រជាកសិករត្រូវគោរពលក្ខខណ្ឌចំនួន១២ ចំណុច និងអនុវត្តតាមវិធីសាស្រ្តកសិកម្មបែបធម្មជាតិដោយកាត់បន្ថយការប្រើប្រាស់ថ្នាំ និងជីគីមីជា អតិបរមា ដើម្បីចូលរួមកាត់បន្ថយការប៉ះពាល់ដល់សុខភាពមនុស្ស ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ជាពិសេសសត្វក្រៀល។ បន្ថែមពីលើនេះ កសិករផលិតស្រូវមិត្តក្រៀលបានបន្សល់ស្រូវក្នុងស្រែ ចាប់ពី ៥ទៅ៥០ភាគរយដើម្បីទុកជាចំណីរបស់សត្វក្រៀល ខណៈ ស្រូវដែលបានដាំដោយកសិករសហគមន៍ ស្រូវមិត្តក្រៀលត្រូវបានទទួលទិញដោយតម្លៃខ្ពស់ជាងទីផ្សារ ៥ភាគរយ។

« យើងធ្វើការងារជាដៃគូជាមួយនឹងកសិករនៅតំបន់អន្លង់ព្រីងហ្នឹង ឲ្យគាត់ត្រូវអនុវត្តតាម គោលការណ៍ ចំនួន១២ចំណុច ប្រសិនជាគាត់គោរពគោលការណ៍១២ចំណុចនេះ យើងទទួលទិញពីគាត់ លើសពីទីផ្សារ៥ភាគរយ ហើយតម្លៃអាចបន្ថែមទឹកចិត្ត កន្លងមកយើងបានទិញរួចរាល់ហើយពីកសិករ ហើយកសិករក៏មិនលក់ទាំងអស់ទេដោយគាត់ទុកហូបផងដែរ អ៊ីចឹងក្នុងចំណោម១០០គ្រួសារ ដែលយើង ធ្វើការសហការជាមួយនោះ គឺ៤៦គ្រួសារគាត់បានលក់ស្រូវ៧៥តោននេះជូនគម្រោង»។

ជាមួយគ្នានោះ លោកបានអំពាវនាវទៅអ្នកគំាទ្រដល់ការអភិរក្សសត្វក្រៀល និងបង្កើនជីវភាព របស់សហគមន៍ដោយគ្រាន់តែបរិភោគអង្ករមិត្តក្រៀល។ អង្ករមិត្តក្រៀលមានលក់នៅ NHAM24 និងអាច បញ្ជាទិញបានតាមរយៈទូរស័ព្ទលេខ 078 732 240 ។ អង្ករមិត្តក្រៀលគឺជាកសិផលដែលគិតគូរដល់ប្រព័ន្ធអេកូឡូស៊ី ផ្តល់ចំណីបន្ថែមដល់សត្វក្រៀល និងជា អង្ករដែលផ្តល់សុវត្ថិភាពសម្រាប់មនុស្ស។

សូមជម្រាបថា គម្រោងស្រូវមិត្តសត្វក្រៀលទទួលបានមូលនិធិ Keidanren Nature Conservation Fund ដែលបានគាំទ្រហិរញ្ញវត្ថុដល់គម្រោងសហគមន៍ស្រូវមិត្តសត្វក្រៀលនេះ តាមរយៈអង្គការជីវិត ធម្មជាតិនៅកម្ពុជា។គម្រោងសហគមន៍ស្រូវមិត្តក្រៀលនៅតំបន់អន្លង់ព្រីងសហការអនុវត្តដោយក្រសួងបរិស្ថាន អង្គការជីវិត ធម្មជាតិនៅកម្ពុជា និងអង្គការCRDT៕