មន្ត្រី UN ថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈកាន់តែល្អប្រសើរ

មន្ត្រីរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេស កម្ពុជាមានលក្ខណៈកាន់តែល្អប្រសើរ។

លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN Resident Coordinator Cambodia) បានលើកឡើងក្នុងជំនួបជាមួយគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជាថា លោកបានសង្កេតឃើញថា ការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានលក្ខណៈកាន់តែល្អប្រសើរច្រើន។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Joseph scheuer បានកោតសរសើរ និងថ្លែងអំណរគុណដល់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលតែងតែសហការជាមួយ ការិយាល័យ ឧត្តមស្នងការសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលយល់ព្រមឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជា ជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបន្តអាណត្តិរបស់ខ្លួន ដើម្បីបន្តបំពេញ បេសកកម្មក្នុងការជួយរាជរដ្ឋាភិបាលបន្តទៀត។

លោកបានលើកឡើងថា «ការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានលក្ខណៈកាន់ តែល្អប្រសើរច្រើន ហើយលោកក៏បានជម្រាបជូននូវគម្រោងនានាក្នុងការរៀបចំ កិច្ចសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំបន្តបន្ទាប់នាពេលអនាគតផងដែរ»។

នៅក្នុងជំនួបនោះដែរ ឯកឧត្តម កែវ រ៉េមី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ យ៉ាងល្អក្នុងវិស័យសិទ្ធិមនុស្ស រវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយការិយាល័យ អង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏ដូចជាការិយាល័យឧត្តមស្នងការអង្គការសហប្រជា ជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នាពេលកន្លងទៅ។ ឯកឧត្តម ក៏បានបញ្ជាក់ពីជំហរក្នុងការបន្តកិច្ចសហការគ្នាទៅថ្ងៃអនាគតផងដែរ៕