សមាគមជប៉ុន-កម្ពុជា សន្យាទាក់ទាញអ្នកវិនិយោគជប៉ុន ដើម្បីជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា

សមាគមជប៉ុន-កម្ពុជា (JCA) បានសន្យាថា នឹងទាក់ទាញអ្នកវិនិយោគទុនរបស់ខ្លួនឱ្យ បានច្រើនបន្ថែមទៀត សម្រាប់ចូលរួមជួយអភិវឌ្ឍន៍វិស័យធនធានមនុស្សនៅកម្ពុជា ឱ្យកាន់ តែមានសមត្ថភាព ទាំងចំណេះ ជំនាញ ដើម្បីដើរឱ្យទាន់តម្រូវការសង្គម-សេដ្ឋកិច្ច ដែល កំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ននេះ។

ការសន្យាថានឹងជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្សនេះ ធ្វើឡើងនៅក្នុងជំនួប ពិភាក្សាការងារមួយរវាង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា(JCA) និងជា អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការ ក្រសួងការងារ។

នាឱកាសនៃជំនួបនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម Takahashi Fumiaki ដែលជាមិត្តដ៏ល្អមួយរូបរបស់កម្ពុជា និងជាអ្នកការទូតដ៏មាន សមត្ថភាពរបស់ប្រទេសជប៉ុន ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រកបដោយផ្លែផ្កា។ បើទោះបីជា ឯកឧត្តម Fumiaki បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាក្តី តែ ឯកឧត្តម នៅតែបន្តទំនាក់ទំនងដ៏ល្អជាមួយកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា រដ្ឋាភិបាលប្រទេសទាំងពីរ បានបង្កើនកិច្ច សហប្រតិបត្តិការដល់កម្រិតដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ មួយវិញទៀតរំហូរ ពាណិជ្ជករជប៉ុនបានចូលមកកម្ពុជាកាន់តែច្រើន វិនិយោគលើគ្រប់វិស័យ បានផ្តល់ឱកាស ការងារជូនដល់ពលរដ្ឋកម្ពុជាបានយ៉ាងច្រើន នេះជាការបង្ហាញពីសក្តានុពល និងភាព ទាក់ទងរបស់កម្ពុជា។ ការមើលឃើញពីវត្តមានរបស់អ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាច្រើន ជាការជំរុញទាក់ទាញអ្នកវិនិយោគប្រទេសដទៃផ្សេងទៀតមកកាន់កម្ពុជាក៏កាន់តែច្រើនបន្ថែមទៀតផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ការវិនិយោគរបស់ជប៉ុន ពិតជានាំនូវបច្ចេកវិទ្យាទំនើបថ្មីៗ និងយន្តការគ្រប់គ្រងក្រុមហ៊ុន រោងចក្រ ឱ្យកាន់តែមានភាពងាយស្រួល។ ឯកឧត្តម កត់សម្គាល់ឃើញថា ក្រុមហ៊ុនរបស់ជប៉ុនដែលមានវត្តមាននៅកម្ពុជា កម្រមានវិវាទ ការងារណាស់ ក្រុមហ៊ុនអនុវត្តន៍ទៅតាមច្បាប់បានល្អ រួមនឹងទំនាក់ទំនងរវាងនិយោជកជប៉ុន និងកម្មករនិយោជិតកម្ពុជាមានភាពសុខដុមរមនានឹងគ្នា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ចង់ឃើញកម្មសិក្សាការីកម្ពុជាបានទៅធ្វើការនៅ ប្រទេសជប៉ុន ឱ្យបាន៥ម៉ឺននាក់ ខណៈបច្ចុប្បន្ន កម្មសិក្សាការីកម្ពុជាបានចេញ ទៅធ្វើការនៅជប៉ុនបានត្រឹមប្រមាណ២ម៉ឺននាក់ប៉ុណ្ណោះ។ ដោយឯកឧត្តម ស្នើដល់ខាង ភាគីជប៉ុនធ្វើការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យ បាននូវចំនួន៥ម៉ឺននាក់ នាពេលដ៏ខ្លីខាងមុខនេះ។

ឆ្លើយតបទៅនឹងសំណូមពររបស់ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ឯកឧត្តម Fumiaki និងសមាជិករបស់សមាគម នឹងប្រឹងប្រែងធ្វើយ៉ាងណាជួយមកកម្ពុជាលើជំនាញដ៏ចំាបាច់ ដែលកំពុងមានតម្រូវការសម្រាប់ទៅធ្វើការនៅជប៉ុន។ ជាមួយនឹងនេះ ដោយសង្កេតឃើញថា រថយន្តដែលផលិតនៅប្រទេសជប៉ុនបានចរាចរណ៍នៅកម្ពុជាមានចំនួនកាន់តែច្រើន ដែលជា ឱកាសមួយសម្រាប់ឱ្យខាងជប៉ុនផ្តល់ការបណ្តុះបណ្តាលលើជំនាញថែទាំ និងជួស ជុលរថយន្តនេះ ទៅដល់យុវជនកម្ពុជាឱ្យកាន់តែមានសមត្ថភាព រួមនឹងផ្តល់ការបណ្តុះ បណ្តាលជំនាញកែសម្ជស្ស ដែលជាជំនាញមួយកំពុងតែពេញនិយម ដែលអាចផ្តល់ចំណូល បានប្រសើរ បើយុវជន យុវតីរបស់កម្ពុជា ចាប់យកអាជីពខាងកែសម្ជស្ស នេះបាន ស្ទាត់ជំនាញ។

ដើម្បីចូលរួមអបអរសាទរ គម្រប់ខួបលើកទី៧០ នៃចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ខាងសមាគមជប៉ុន-កម្ពុជា(JCA) គ្រោងនឹងរៀបចំនូវកម្មវិធីមួយចំនួន ដើម្បីជាការរំលឹកនូវកិច្ច សហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរផង ក៏ដូចជាទាក់ទាញអ្នកវិនិយោគជប៉ុន មកកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត ដើម្បីលើកស្ទួយសេដ្ឋកិច្ចរបស់កម្ពុជា ឱ្យមានភាពសម្បូរសប្បាយ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលបានគិតគូរយក ចិត្តទុកដាក់ដល់កម្មសិក្សាការីកម្ពុជាដែលបានទៅធ្វើការនៅជប៉ុន និងជួយកម្ពុជាលើជំនាញ បណ្តុះបណ្តាលវិជ្ជាជីវៈនេះ ដែលស្របគ្នាទៅនឹងផែនការយុទ្ធសាស្ត្រ ក៏ដូចជាផែនទី បង្ហាញផ្លូវរបស់កម្ពុជាឆ្នាំ២០៣៥៕