សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនលោក រស់ សម័យ និងក្រុមគ្រួសារ ចំពោះមរណភាពលោកស្រី ម៉ិញ កុសនី

ស​ម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២៣នេះ បាន​ផ្ញើសារ​រំលែក​ទុក្ខជូន​លោក រស់ សម័យ និង​ក្រុម​គ្រួសារ​ចំពោះមរណ​ភាព​លោក​ស្រី ម៉ិញ កុសនី រដ្ឋ​លេខាធិ​ការ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។

សារ​រំលែក​ទុក្ខ​របស់​ស​ម្តេចតេជោ ហ៊ុន សែន ជូន​លោក រស់ សម័យ និង​ក្រុម​គ្រួសារ​មាន​ខ្លឹម​សា​រទាំង​ស្រុង​ដូច្នេះថា​៖ «ខ្ញុំ និង​ភរិយា​បាន​ទទួល​ដំណឹង​ដ៏​ក្រៀម​ក្រំថា លោក​ជំទាវ ម៉ិញ កុសនី រដ្ឋ​លេខាធិ​ការ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​ត្រូវ​ជា​ភរិយា​របស់​ឯក​ឧត្តម បាន​ទទួលមរណ​ភាព​នៅ​វេលា​ម៉ោង ៤​៖​៥៥ នាទី​ព្រឹក ថ្ងៃ​ចន្ទ ១រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២៣ ក្នុង​ជន្មាយុ ៧៧ឆ្នាំ ដោយ​រោគាពាធ​។

ក្នុង​វេលា​ប្រកបដោយ​សមាន​ទុក្ខ​ដ៏​ក្រៀម​ក្រំ​នេះ ខ្ញុំ និង​ភរិយា សូម​សម្តែង​នូវ​ការ​សោក​ស្តាយ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះមរណ​ភាព​របស់​លោក​ជំទាវ ម៉ិញ កុសនី គឺជា​ការ​បាត់បង់​ភរិយា ម្តាយ ជីដូន ជាទី​គោរព​ស្រលាញ់ ប្រកប​ដោយ​ព្រហ្ម​វិហារ​ធម៌ ក្នុង​ការ​អប់រំ​ផ្ដល់​ដំបូន្មាន​ដល់​កូនចៅ និង​ជា​ព្រឹទ្ធាចារ្យ​សិល្បៈ​មួយ​រូប​ដ៏​ល្បី​ល្បាញ លើ​វិស័យ​សិល្បៈ​របាំ​បុរាណ​ខ្មែរ ដែល​បាន​បូជា​កម្លាំង​កាយ​ចិត្ត ប្រាជ្ញា​ស្មារតី ក្នុង​ការ​រួម​ចំណែក​យ៉ាង​សកម្ម ក្នុង​ការ​បម្រើ​វិស័យ​សិល្បៈ​វប្បធម៌​។ ទោះបី​រូបកាយ​របស់​លោក​ជំទាវ បាន​បាត់បង់​ទៅមែន​ពិត ប៉ុន្តែ​អំពើ​ជា​កុសល កិត្តិយស សេចក្ដី​ថ្លៃថ្នូរ​នឹង​នៅ ស្ថិត​ស្ថេរ​ក្នុង​សន្តាន​ចិត្ត​កូន ចៅ និង​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ទាំង​អស់​ជានិច្ច​និរន្តរ៍​។

ខ្ញុំ និង​ភរិយា សូម​ឧទ្ទិស​បួងសួង​ដល់ដួង​វិញ្ញាណក្ខន្ធ លោក​ជំទាវ ម៉ិញកុសនី សូម​ឆាប់​បាន​ចាប់​កំណើត​កើត ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ»។

សូម​ជំរាបថា លោក​ស្រី ម៉ិញ កុសនី គឺជាវីរៈ​សិល្ប​ការិនី ដែល​ជា​តួឯក​ផ្នែក​អង្គ​នាង ប្រចាំ​ព្រះបរម​រាជ​វាំង​ទស្ស​វត្សរ៍ ៦០-៧០​៕