លោក​ទេស​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល ស្នើ​ពលរដ្ឋ​ទៅ​បោះឆ្នោតនា​ថ្ងៃទី២៣ ខែ​កក្កដា ឱ្យ​បាន​គ្រប់ៗ​គ្នា និង​បោះឆ្នោតជូន​គណបក្ស​ដែល​មានលេខ​រៀងទី១៨

លោក​ទេស​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈ​អចិន្ត្រៃយ៍​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន ស្រុក​កោះធំ និង​ក្រុង​សំពៅពូន ខេត្ត​កណ្តាល បាន​ស្នើ​ដល់បង​ប្អូន​ប្រជា​ពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិ​កាលទី៧ នា​ថ្ងៃ​អា​ទិត្យ ទី២៣ ខែ​កក្កដា ឆ្នាំ២០២៣ ខាង​មុខឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​បំពេញ​តួនាទី​ជា​ពលរដ្ឋ​ល្អ និង​ជ្រើសរើស​គណបក្ស​ដែល​នាំ​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ពិត​ប្រាកដជូន​ប្រទេស​ជាតិ សូម​បោះឆ្នោតជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មានលេខ​រៀងទី១៨​។

លោក​ទេស​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល បាន​ស្នើ​យ៉ាង​ដូច​នេះ នា​ថ្ងៃទី០៤ ខែ​កក្កដា ឆ្នាំ២០២៣នេះ នា​ឱកាសជួបសំណោះ​សំណាល​ជា​មួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ ១៨០០នាក់ មកពី​សង្កាត់​ជ្រោយ​តាកែវ នៃ​ក្រុង​សំពៅពូន និងឃុំ​លើក​ដែក នៃ​ស្រុក​កោះធំ ក្នុង​ទឹកដី​ខេត្ត​កណ្តា និង​ជា​ថ្ងៃទី៤ នៃ​យុទ្ធនា​ការ​ឃោសនារក​សំឡេង​ឆ្នោត​សម្រាប់​ការ បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិ​កាលទី៧ ឆ្នាំ២០២៣​។

សូម​ជម្រាបថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹងថា ការ​ឃោសនា​បោះឆ្នោត​ត្រូវ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី១ រហូត​ដល់​ថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០២៣ សរុប​មានរយៈ​ពេល២១ថ្ងៃ​។

គណបក្ស​នយោបាយ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដោយ គ.ជ.ប ចំនួន១៨ មាន​សិទ្ធិ​ធ្វើ​ការ​ឃោសនារក​សំឡេង​ឆ្នោត ដោយ​គោរព​ទៅតាម​ច្បាប់ បទ​បញ្ជា និង​នីតិ​វិធី​នៃ​ការ​បោះឆ្នោត សេចក្តី​ណែនាំ ស្តីពី​ការ​ឃោសនា​បោះឆ្នោត ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ និង​ត្រូវ​មាន​ការយោគ​យល់ អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅមក​។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​ធំជាង​គេ បានបើក​យុទ្ធនា​ការ​ឃោសនា នៅ​មជ្ឈ​មណ្ឌល​ពិព័រណ៌ និង​សន្និបាតកោះ​ពេជ្រ ដោយ​មាន​សមាជិក​សរុប​ជាង៧ម៉ឺន​នាក់ ដឹកនាំ​ផ្ទាល់​ដោយ​សម្ដេចពញា​ចក្រី ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​៕