លោក សាយ សំ​អាល់​៖ ការ​បំផុស​មិន​ឲ្យ​ចូលរួម​បោះឆ្នោត និង​ការ​គូស​បំផ្លាញ​សន្លឹកឆ្នោត គឺ​ជាប្រឆាំង និង​ចង់​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​

លោក សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា​ចុះមូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​គូសបញ្ជាក់​ថា ការ​បំផុស​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូលរួម​បោះឆ្នោត និង​ការ​គូស​បំផ្លាញ​សន្លឹកឆ្នោត​ជា​ការបំផ្លាញ​លទ្ធិ ប្រជាធិបតេយ្យ​របស់​កម្ពុជា​។ មិន​តែប៉ុណ្ណោះ​ជន​ទាំងនោះ មាន​ចេតនា​សើរើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ប្រឆាំង​ជាមួយនឹង​រដ្ឋ និង​បង្ក​ចលាចល​ផ្សេង​ៗ​ក្នុង​សង្គម​កម្ពុជា ទាំងអស់​នេះ​ជា​ការ​រំខាន​ដំណើរ និង​សុខ​សន្តិភាព​ដែល​កម្ពុជា​កំពុង​មាន​។

ប្រសាសន៍​លើកឡើង​របស់​លោក​នេះ ធ្វើឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក-សមាជិកា គណៈកម្មាធិការ​គណបក្ស​ឃុំ​ចំនួន​៨ គឺ​ឃុំ​កែវ​ផុស ឃុំ​ទំនប់រលក ឃុំ​កំពេញ ឃុំ​អូរត្រេះ នៃ​ស្រុក​ស្ទឹងហាវ និង​ឃុំ​បិតត្រាំង ឃុំ​រាម ឃុំ​អូរជ្រៅ ឃុំ​បឹងតាព្រហ្ម នៃ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣​។

លោក សាយ សំ​អាល់ ថ្លែង​បន្ថែម​ថា «សុខ​សន្តិភាព​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ ទាំង​ផ្នែក​សេដ្ឋកិច្ច ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស​។ គណបក្សប្រជាជន​កម្ពុជា​មាន​គោល នយោបាយ​ច្បាស់លាស់ មាគ៌ា​ដ៏​ត្រឹមត្រូវ​ក្នុង​ការដឹកនាំ​នាវា​កម្ពុជា​ឱ្យ​កាន់តែ​ឆ្ពោះទៅ​មុខ​បន្ថែម​ទៀត ស្មើមុខ​មាត់​លើ​ឆាក​ជាតិ-អន្តរជាតិ​។ កត្តា​ទាំងអស់​នេះ​គឺ​មិន​អាច​ខ្វះ​បាន​ពី​ការ​ថែរក្សា​នូវ​សុខ​សន្តិភាព អធិបតេយ្យ​ភាព ការ​បង្រួបបង្រួម​ជាតិ​ជា​ធ្លុងមួយ​ដើម្បី​បន្តដំណើរ​របស់​កម្ពុជា​។ ទស្សនវិស័យ​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ក៏ដូចជា ជាតិ​មាតុភូមិ​កម្ពុជា ឱ្យ​កាន់តែ​សម្បូរ​រុងរឿង ដែល​ជា​ការ​តាំងចិត្ត​យ៉ាង​មោះមុត​របស់​ថ្នាក់ដឹកនាំ គណបក្សប្រជាជន​កម្ពុជា គ្រប់​លំដាប់ថ្នាក់ ជាពិសេស​បុត្រា​ទាំង​៣ របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ដែល​បាន​លើកឡើង​ក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​គណបក្សប្រជាជន ក្នុង​ខេត្ត​ព្រះសីហនុ​កន្លង​មក​ថ្មី​ៗ​នេះ»។

លោក​ប្រធាន​ក្រុមការងារ ក្រើនរំលឹក​ដល់​សមាជិក-សមាជិកា​គណបក្ស​ក្នុង​មូលដ្ឋាន ចុះ​ពន្យល់​និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ ពី​ការដឹកនាំ​របស់​គណបក្សប្រជាជន​កម្ពុជា ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រធាន ដែល​បាន​យកចិត្ត​ទុកដាក់​ពី​ជីវភាព និង​ការរស់នៅ​ប្រជាពលរដ្ឋ​នៅ​ទាំង​ប្រទេស ហើយ​នៅ​អ​ណ​ត្តិ​ទី​៧នេះ នឹង​ដាក់ចេញ​នូវ​យុទ្ធ​សាស្រ្ត​បញ្ចកោណ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ប្រជាជន​កម្ពុជា​បន្ថែម​ទៀត​។

ជាមួយគ្នា​នេះ លោក សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ខេត្ត​ព្រះសីហនុ អំពាវនាវ​សូមឲ្យ​សមាជិក-សមាជិកា​គណបក្ស​ទាំងអស់ អញ្ជើញ​ទៅ​បោះឆ្នោត ឲ្យ​បាន​គ្រប់​ៗ​គ្នា នា​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និង​បោះឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជា ដែល​មាន​លេខរៀង​ទី១៨ ដើម្បី​គាំទ្រ​បេក្ខភាព​សម្តេច​តេជោ ហ៊ុន សែន ជានា​យក​រដ្ឋមន្រ្តី​បន្ត​ទៀត និង​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ ជា​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​៕