លោកជំទាវ ប៉ាង ដា​នី ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណបក្សប្រជាជន​កម្ពុជា ក្នុងក្រុង​កំពង់ចាម

នៅ​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ ប៉ាង ដា​នី អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ក្រុង​កំពង់ចាម និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​សង្កាត់​សំបួរមាស និង​ក្រុមការងារ​បាន​អញ្ជើញ ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណបក្សប្រជាជន​កម្ពុជា ព្រមទាំង​បង្រៀន​គូស​សន្លឹកឆ្នោត និ​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​តាម​ខ្នង​ផ្ទះ​ក្នុង​មូលដ្ឋាន និង​បិទ​ផ្លាក​សញ្ញា​របស់​គណបក្សប្រជាជន​កម្ពុជា នៅក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​។

លោកជំទាវ ប៉ាង ដា​នី បាន​ថ្លែង​ថា ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា គឺជា​ការអនុវត្ត​ប្រជាធិបតេយ្យ​ពិតប្រាកដ គ្មាន​ការ​បង្ខិតបង្ខំ គំរាមកំហែង ប្រជាពលរដ្ឋ​បោះឆ្នោត​ដោយសេរី​តាម​ការសម្រេច​ចិត្ត​របស់​ខ្លួន តាម​ឆន្ទៈ និង​ការ​គាំទ្រ​របស់​ខ្លួន​ទៅលើ​គណបក្ស​ណាមួយ​។

លោកជំទាវ ប៉ាង ដា​នី បាន​មានប្រសាសន៍​អំពាវនាវ​ដល់​សកម្មជន សមាជិក-សមាជិកា​គណបក្ស ក៏ដូចជា​ប្រជាពលរដ្ឋ​សូម​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់គ្នា ពិសេស​គឺ​ត្រូវ​បោះឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជា ដែល​មាន​រូបសញ្ញា «ទេវតា​បាចផ្កា» និង​ស្ថិតនៅ​លេខរៀង​ទី១៨ លើ​សន្លឹកឆ្នោត ដើម្បី​បន្ត​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ជានា​យក​រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ទី៧ និង​គាំទ្រ​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី នា​ពេល​អនាគត​។

នៅក្នុង​ឱកាស​នោះ ក្រុមការងារ ក៏បាន​បង្រៀន​សមាជិក​សមាជិកា​បក្ស​ឲ្យ​ចេះ​គូស​សន្លឹកឆ្នោត​ផង​ដែរ នៅពេល​អញ្ជើញ​ទៅ​បោះឆ្នោត​នា​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ​៕