ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា

បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​តំបន់​សហភាព​អឺរ៉ុប អាមេរិក ជប៉ុន កូរ៉េ អូស្រ្តាលី និង​ប្រទេស​មួយ​ផ្សេងៗ​ទៀត បាន​ចេញវិដេអូ​ឃ្លីប​ដោយ​បន្ត​អំពាវនាវ​ដល់បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​អញ្ជើញ​ទៅ​ចូល​រួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​។

តាមរយៈវិដេអូ​ឃ្លីប​ដាច់​ដោយឡែកពី​គ្នា​ជា​បន្ត​បន្ទាប់​នេះបង​ប្អូន​ប្រជា​ពលរដ្ឋ ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទាំង​នោះ​បាន​លើក​ឡើងថា ខណៈ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិ កាលទី៧ កាន់តែខិត​ជិត​មកដល់​ហើយ​នោះ សូមបង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ហើយ​គប្បី​ត្រូវបោះ​ជូន​គណបក្ស​ណាដែ​ល​នាំ​ប្រទេស​ឲ្យ​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​១៨ និង​មាន​រូប​សញ្ញា​ទេវតាបាច​ផ្កា​។

ក្រៅពី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​អញ្ជើញ​ទៅ​ចូល​រួម​បោះឆ្នោតនា​ថ្ងៃទី២៣ ខែ​កក្កដា ខាង​មុខ​នេះ បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប អាមេរិក ជប៉ុន ចិន កូរ៉េ អូស្រ្តាលី​ម៉ាឡេស៊ី និងថៃ​ទាំង​នោះ​ក៏បាន​រំលឹក​អំពី​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ស​ម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី និង​ជា​ប្រធាន​គណបក្ស គឺ​នៅ​ជា​មួយបង​ប្អូន​ប្រជា​ពលរដ្ឋ​គ្រប់​ពេល​វេលា និង​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ ហើយ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​គត់​ដែល​មាន​គោល​នយោបាយ​ច្បាស់​លាស់ និង​ស័ក្តិសម​បំផុត​ក្នុង​ការ​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​រីកចម្រើន តាំង​ពី​ដើម​រហូត​មកដល់​សព្វថ្ងៃ​នេះ​។

សូម​បញ្ជាក់ថា ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត នីតិ​កាលទី៧នេះ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ២០២៣ខាង​មុខ​នេះ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​១៨​ចូល​រួម​ប្រកួត​ប្រជែង​តាម​បែប​ប្រជា​ធិបតេយ្យ​សេរីពហុ​បក្ស​៕

អត្ថបទ​៖ BTV