សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១.៨៤៥គ្រួសារ ក្នុងខេត្តពោធិ៍សាត់

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្ដល់ អំណោយ​​​មនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១៨៤៥គ្រួសារ ក្នុងឃុំចំនួន១៦ នៃក្រុង​ពោធិ៍សាត់ ស្រុកកឃ្លៀង ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ពិធីកចែកអំណោយនេះនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៣ ដែល​មន្ត្រី​​តំណាងពីកាកបាទក្រហមកម្ពុជា មាន ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រង គ្រោះ​មហន្តរាយ ចុះចែកពីថ្ងៃទី ៤-៥ នៅស្រុកកណ្ដៀង (៩២៥គ្រួសារ) និងក្រុងពោធិ៍សាត់ (៣៧៥គ្រួសារ)​​​ និងលោកវេជ្ជ. អ៊ុយ សំអុន នាយករង នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចុះចែកពីថ្ងៃទី ៦-៧ នៅស្រុក ភ្នំក្រវាញ (២០គ្រួសារ) និងស្រុកវាលវែង (២២៥គ្រួសារ)។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន ៖ អង្ករ ២៥គីឡូក្រាម ,មី១កេស, ត្រីខ ១០កំប៉ុង,ឃីត (មុង ភួយ សារុង ក្រមា)  ១កញ្ចប់, ទឹកស៊ីអ៊ីវ ទឹកត្រី ៦ដប ដែលគិតសរុបជាថវិកាស្មើ ៦៦.៨៨៨,០០ ដុល្លារអាមេរិក៕