សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទក្លិបបាញ់កាំភ្លើងឯកជនទាំងអស់នៅខេត្តព្រះសីហនុ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យបិទក្លិបបាញ់កាំភ្លើងឯកជនទាំងអស់ នៅខេត្តព្រះសីហនុ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។ ភ្ជាប់ជាមួយនឹងករណីនេះ សម្តេចក៏បានណែនាំផងដែរ ឱ្យត្រួតពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព ក្លិបបាញ់កាំភ្លើងឯកជន នៅក្នុងប្រទេសកម្ពុជា។

ការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ​ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំថា ទេសចរណ៍មកកាន់ខេត្តព្រះសីហនុ មិនចាំបាច់រៀនបាញ់កាំភ្លើងទេ អញ្ចឹងសូមឱ្យបិទតែម្តង ហើយមិនឱ្យបើកថ្មីទេ រឿងបាញ់កាំភ្លើង ក្លិបឯកជនមិនចាំបាច់មានទេ ខេត្តព្រះសីហនុ មិនបាច់បាញ់កាំភ្លើងទេ»

សម្តេចបានបន្តថា ក្លិបបាញ់កាំភ្លើងឯកជន នៅពេលដែលបើកហើយ នឹងត្រូវទិញកាំភ្លើង និងគ្រាប់។ សម្តេចបានបន្ថែមថា សម្រាប់អង្គភាពកងទ័ព ក៏មិនត្រូវបើកឱ្យជនស៊ីវិលទៅបាញ់នោះដែរ។

សម្តេចបានបញ្ជាក់បន្ថែមថា សម្តេចកំពុងឱ្យក្រុមការងារព្រាងសារាចរណែនាំមួយ ដើម្បីហាមមិនឱ្យចេញអាជ្ញាបណ្ណ សម្រាប់ក្លិបបាញ់កាំភ្លើងឯកជនថ្មីទៀត នៅកម្ពុជាឡើយ។ សម្តេចក៏ណែនាំឱ្យធ្វើបច្ចុប្បន្នភាព និងត្រួតពិនិត្យ ក្លិបបាញ់កាំភ្លើងទាំងអស់ឡើងវិញផងដែរ៕

Previous Article