កងទ័ព​មី​យ៉ាន់​ម៉ា ចេញ​សញ្ញា “ប្រើ​ធម៌​ក្ដៅ” ទៅលើ​ក្រុមបាតុករ ប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក​ក្នុង​តំបន់​ខ្លះ-TV រដ្ឋ​ប្រកាស​គំរាម-ចាប់ផ្ដើម​បាញ់​ទឹក​បំបែកហ្វូង​បាតុករ

មី​យ៉ាន់​ម៉ា៖ រដ្ឋការ​យោធា​មី​យ៉ាន់​ម៉ា បានប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក​នៅក្នុង​ផ្នែក​ជាច្រើន​ក្នុង ម៉ាន់​ដា​លេ​យ៍ ទីក្រុង​ធំ​លំដាប់​លេខ២ របស់​ប្រទេស កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ ក្រោយពី​មនុស្សម្នា​ចំនួន​ខ្ទង់សែន​នាក់ បានចេញ​មកជួប​ជំនុំ​គ្នា​ទូទាំងប្រទេស ដើម្បី​ប្រឆាំង តតាំង​នឹង​ការធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​របស់​កងទ័ព និង​ស្ថានីយទូរទស្សន៍​របស់​រដ្ឋ បានប្រកាស​ព្រមាន​ថា អាច​នឹងត្រូវ​ប្រើ​វិធានការ​ក្ដៅ​អ្វី​ម្យ៉ាង ដើម្បី​ចាត់ការ​ទៅលើ​ការធ្វើ​បាតុកម្ម ដែល​ខុសច្បាប់ ក្រៅពីនេះ​ក្រុមប៉ូលិស បាន​បាញ់​ទឹក​បំបែកហ្វូង​អ្នក​តវ៉ា​ក្នុង​ទីក្រុង​ណេ​ពិ​ដ័​រ​ទៀតផង។

ការប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក​នេះ បាន​គ្របដណ្ដប់​លើ ៧ស្រុក ក្នុង​តំបន់​ម៉ាន់​ដា​លេ​យ៍ ដែលមាន​ខ្លឹមសារ ហាម​ការជួប​ជំនុំ​គ្នា​លើស ៥នាក់ និង​ហាម​ចេញ​ក្រៅ​គេហដ្ឋាន​នៅពេល​យប់(បម្រាម​គោចរ) ចាប់តាំងពីម៉ោង ២០.០០ រហូតដល់​ម៉ោង ៤.០។ នេះ​បើតាម​ពាក្យ​ថ្លែងការណ៍​របស់​គណៈ​គ្រប់គ្រង​កិច្ចការ​ទូទៅ។

ក្រៅពីនេះ នៅមាន​សេចក្ដីប្រកាស​ក្នុង​ទំនង​ដូចគ្នានេះ នៅក្នុង​ស្រុក​មួយ ក្នុង​តំបន់​អ៊ិ​រ៉ាវ​ឌី ភាគខាងត្បូង និង​មានការ​សន្និដ្ឋានថា អាច​នឹងមាន​បទបញ្ជា​បែបនេះ ថ្មី​ថែមទៀត​នៅក្នុង​ទីតាំង​ផ្សេងទៀត ត្រូវបាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ ទី៩ កុម្ភៈ​នេះ។

កាលពី​ថ្ងៃ​ចន្ទ(ទី៨កុម្ភៈ) មាន​ប្រជាជន​មី​យ៉ាន់​ម៉ា នៅក្នុង​ទីក្រុងផ្សេងៗទូទាំងប្រទេស បានចេញ​មកជួប​ជំនុំ​គ្នា រយៈពេល ៣ថ្ងៃជាប់ៗគ្នា​មកហើយ ដើម្បី​ប្រឆាំង​តវ៉ា​នឹង​កងទ័ព និង​ទាមទារ​ឱ្យ​ដោះលែង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី។

ក្រុម​ប្រជាជន​ដ៏​ច្រើន បាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ទីក្រុង​ម៉ាន់​ដា​លេ​យ៍ ក្រៅពីនោះ នៅមាន​របាយការណ៍​ថា មាន​មនុស្ស​រាប់ពាន់នាក់ បាន​ដើរ​ក្បួន​នៅក្នុង​ទីក្រុង​ថ្វាយ ភាគ​ខាងកើត​ឆៀង​ខាងត្បូង និង​នៅក្នុង​រដ្ឋ​កៈ​ឈិន ភាគ​ខាងជើង​បំផុត​នៃ​ប្រទេស ដែល​ឆ្លុះបញ្ចាំង​ពី​ការតវ៉ា​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​យោធា នៅក្នុង​ក្រុម​ជាតិ​សាសន៍ផ្សេងៗ សូម្បីតែ​ក្រុម ដែល​ធ្លាប់​រិះគន់​លោកស្រី​ស៊ូ​ជី ក៏​បង្ហាញ​ពី​ការ​តតាំង​នឹង​ការធ្វើ​រដ្ឋប្រហារ​របស់​កងទ័ព​ដែរ។

ចំណែក​ក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន ព្រះសង្ឃ បាន​ដឹកនាំ​ក្រុមនិស្សិត និង​ពលករ ដើរ​ជា​ក្បួន តវ៉ា​ទាមទារ​ឱ្យ​យោធា​ដោះលែង​លោកស្រី​ស៊ូ​ជី និង​ប្រគល់​អំណាច​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​វិញ។

ការតវ៉ា​ប្រឆាំង ដែល​ផ្ទុះឡើង​ក្នុងអំឡុង​ចុង​សប្ដាហ៍​កន្លងទៅ មាន​ប្រជាជន​ចូលរួម​ជាច្រើន​ម៉ឺន​នាក់​នៅក្នុង​ទីក្រុងផ្សេងៗ គឺជា​ការបង្ហាញ​កម្លាំង​ដ៏​ធំ​បំផុត ចាប់តាំងពី​មាន “ការ​បដិវត្ត ក្រណាត់​ពណ៌​លឿង” ក្នុង​ឆ្នាំ2007 ដែលមាន​ព្រះសង្ឃ​ជា​មេដឹកនាំ និង​បន្ទាប់ពី​នោះមក យោធា​បានចាប់ផ្ដើម​ដកខ្លួន​ជាបណ្ដើរៗពី​កិច្ចការ​នយោបាយ ក្នុងអំឡុង​ច្រើន​ឆ្នាំ​កន្លងមកនេះ។

ហើយ​នៅពេលនេះ ទោះជា​មិនមាន​ការបង្ក្រាប​ដោយ​អំពើហិង្សា​ណាមួយ​ក៏ដោយ តែ​ការ​ដែលមាន​ក្បួន​រថយន្តយោធា ធ្វើដំណើរ​មកដល់​ទីក្រុង​យ៉ាំង​ហ្គោ​ន កាលពី​រាត្រី​ថ្ងៃអាទិត្យ(ទី៧) បានធ្វើឱ្យ​កើតមាន​ការ​ភ័យ​បារម្ភ​ថា ស្ថានការណ៍ អាច​នឹងមាន​ការប្រែប្រួល។

កងទ័ព​មី​យ៉ាន់​ម៉ា មើលទៅ​ហាក់ដូច​ជាមាន​ក្ដីកង្វល់​ខ្លាំង​ឡើង អំពី​ការដែល​មន្ត្រី​រដ្ឋការ​មួយចំនួន បាន​ចូលរួម​ការប្រឆាំង​តវ៉ា​ដោយ​អហិង្សា ដែល​ដឹកនាំ​ដោយ​បុគ្គលិក​សុខាភិបាល និងថ្មីៗបំផុត លោក មីន កូ ណាយ សកម្មជន អ្នក​ដែល​ធ្លាប់​ធ្វើឱ្យ​លោកស្រី​ស៊ូ​ជី​ល្បីល្បាញ អ្នកណាៗក៏​ស្គាល់ តាមរយៈ​ការប្រឆាំង​តវ៉ា​កាលពី​ឆ្នាំ១៩៨៨ បាន​អំពាវនាវ​ឱ្យ​មន្ត្រី​រដ្ឋការ ក្នុង​គ្រប់​អង្គភាព ចាប់ផ្ដើម​ឈប់​ធ្វើ​ការងារ​ចាប់ពី​ថ្ងៃ​ចន្ទ តទៅ។

ទាំងអស់នេះ ការអំពាវនាវ​ឱ្យ​ឈប់​ធ្វើ​ការងារ​ទូទាំងប្រទេស បានទទួល​ការឆ្លើយតប​យ៉ាង​ឆាប់រហ័ស និង​ច្បាស់លាស់ ក្នុងអំឡុង​ចុង​សប្ដាហ៍​កន្លងទៅ ដោយមាន​ទាំង​ក្រុមកម្មករ​រោងចក្រ​តម្បាញ មន្ត្រី​រដ្ឋការ​ស៊ីវិល និង​បុគ្គលិក​អយស្ម័យយាន រួមទាំង​ការផ្អាក​ការងារ និង​ជួបប្រជុំគ្នា​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន​ទៀតផង។

ខណៈពេល​ជាមួយគ្នា កាលពី​ថ្ងៃអាទិត្យ កងទ័ព បាន​បញ្ឈប់​ការរារាំង​ការប្រើប្រាស់​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត ដែល​បានធ្វើឱ្យ​មនុស្ស​ជាច្រើន​ខឹងសម្បា ក្រោម​ក្ដីកង្វល់​ថា ប្រទេស​កំពុង​ជិត​ត្រូវ​អន្តរជាតិ​ផ្ដាច់​ចោល​ពី​ពិភពលោក​ជាថ្មី​ម្ដងទៀត និង​ត្រូវ​វិលត្រឡប់​ទៅរក​ភាពលំបាក​លំបិន ដូច​កាលពី​ពេលមុន មុននឹង​មានការ​កែសម្រួល​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ២០១១។

លោក ថូ​ម៉ាស អ៊ែន​ឌ្រូ​វ៍ អ្នកធ្វើ​របាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បាន​សរសេរ​នៅក្នុង​ប្រព័ន្ធ​ធ្វី​ត​ធើ​រថា អ្នកប្រឆាំង​តវ៉ា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា នៅតែ​ក្លាយជា​កម្លាំង​ជំរុញ​ចិត្ត​ដល់​ពិភពលោក ប្រជាជន​មី​យ៉ាន់​ម៉ា នឹង​ក្រោក​ឡើង និង​រំដោះ​អ្នក​ដែល​ត្រូវ​ឃុំខ្លួន​គ្រប់រូប រួមទាំង​បដិសេធ​អំណាច​ផ្ដាច់ការ​របស់​កងទ័ព​ទៀតផង៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AP, Reuters, AP

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព