សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ផ្តល់​អំណោយ​ស្បៀងអាហារ​និង​ថវិកា​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រាប់​ចែកជូន​ពលរដ្ឋ​កំពុង​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ

ភ្នំពេញ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្តល់​អំណោយ​ជា​ស្បៀងអាហារ មាន​អង្ករ គ្រឿងឧបភោគ​បរិភោគ រួម​និង​ថវិកា​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការខ្វះខាត​នៅក្នុងពេល​កំពុង​អនុវត្ត​វិធាន​ការការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ នា​ព្រឹក​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ។

អំណោយ​សម្តេច​ដែល​បាន​ផ្តល់ជូន​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នាពេលនេះ មាន​ថវិកា២០លាន​រៀល អង្ករ​ចំនួន ១១,២៤០គីឡូក្រាម រួម​នឹង​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ទៀត​ដូចជា ត្រីខកំប៉ុង មី រួម​និង​សម្ភារៈ​អនាម័យ មាន​អាល់កុល សាប៊ូ ថ្នាំដុសធ្មេញ​ជាដើម។

នៅក្នុង​ឱ​សកាស​នេះ សម្តេច​ប្រធានរដ្ឋសភា បាន​សម្តែង​ការសោកស្តាយ​និង​ចូលរួម​មរណទុក្ខ​ចំពោះ​ក្រុមគ្រួសារ​ដែលមាន​សមាជិក​បាន​ស្លាប់​បាត់បង់​អាយុជីវិត​ដោយសារ​ជំងឺ​កូ​វីដ និង​បាន​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅតាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​ទាំងអស់​បាន​ឆាប់​ជាសះស្បើយ​ក្នុងពេលឆាប់ៗនេះ ហើយ​បាន​វិលត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ​វិញ។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អនុវត្ត​វិធានការ​រដ្ឋបាល​និង​សុខាភិបាល ឲ្យ​បាន​ខ្ជាប់ខ្ជួន​មិនគួរ​ធ្វេសប្រហែស​ឡើយ ព្រោះថា​ជំងឺ​កូ​វីដ នៅតែ​បង្ក​ហានិភ័យ​ខ្ពស់​ដដែល​នៅ​កម្ពុជា​ក៏ដូចជា​ពិភពលោក​ទាំងមូល បើទោះបី​ពេលនេះ​រាជរដ្ឋាភិបាល​បានបញ្ចប់​វិធាន​ការបិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​យ៉ាងណាក្តី។ សម្តេច​បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ សូម​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដដែល​រាជរដ្ឋាភិបាល​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ​ដើម្បី​ការពារ​ខ្លួន​និង​បង្កើត​ភាពស៊ាំ​ក្នុង​សហគមន៍ ជាការ​ការពារ​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​ដ៏​កាច​សាហាវ​នេះ យាយី​សង្គមជាតិ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។ សម្តេច​បាន​លើកឡើងថា ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​បាន​កំពុង​ជំរុញ​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋរៀងៗខ្លួន ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ និង​ដើម្បី​ឆាប់​បាន​ស្តារ​សង្គម​និង​សេដ្ឋកិច្ច​ប្រទេសជាតិ​ពី​វិបត្តិ​ជំងឺ​រាតត្បាត​នេះ​ឡើងវិញ។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល អាជ្ញាធរ​រាជធានី​ខេត្ត​ទូទាំងប្រទេស កងកម្លាំងប្រដាប់អាវុធ ជាពិសេស​ក្រុម​ក្រុមគ្រូពេទ្យ​ជួរមុខ​ទាំងអស់ ដែល​បាន​ដាក់ចេញ​វិធានការ​បន្តបន្ទាប់ ហើយ​បាន​ខិតខំ​ទប់ស្កាត់​ការពារ គ្រប់​មធ្យោបាយ​បាន​ទាន់ពេលវេលា​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​សុខុមាលភាព​ប្រជាពលរដ្ឋ ដោយ​មិន​គិតពី​ពេលវេលា​និង​ការនឿយហត់​នោះឡើយ។ សម្តេច​បាន​បាន​កោតសរសើរ​ផងដែរ ដល់​សកម្មភាព​មនុស្ស​ធម៌​នានា ដែល​បាន​កើតឡើង​យ៉ាង​ផុលផុស​នៅ​គ្រប់កន្លែង គ្រប់​តំបន់ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក​នៅ​គ្រា​លំបាក​នេះ ដែលជា​វប្បធម៌​និង​ប្រពៃណី​ដ៏​ថ្លៃ​ថ្នា ក្នុងសង្គម​កម្ពុជា​តាំងពីដើម​មក។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ប្រធានរដ្ឋសភា នាឱកាស​នេះ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​សម្តេច​និង​សម្តេច ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ​បាន​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​និង​ជីវភាព​ប្រជាពលរដ្ឋ​នៅ​គ្រប់​កាលៈទេសៈ​និង​តាំងពីដើម​មក។ ឯកឧត្តម​អភិបាល បាន​បញ្ជាក់ថា អំណោយ​ទាំងអស់នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត​នៅក្នុង​អំឡុងពេល នៃ​ការផ្ទុះ​រាលដាល​ជំងឺ​កូ​វីដ ក្នុង​ព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” នៅ​រាជធានី​ភ្នំពេញ។

ឯកឧត្តម អភិបាល​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា ក្រោម​ការយកចិត្តទុកដាក់​និង​ចង្អុលបង្ហាញ ដ៏​ខ្ពង់ខ្ពស់​ជាប្រចាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត​រាល់​វិធានការ​រដ្ឋបាល​និង​សុខាភិបាល​យ៉ាង​មុ​ឺ​ង​ម៉ាត់​បំផុត ប្រកបដោយ​ប្រសិទ្ធភាព បាន​ទាន់ពេលវេលា ក្នុងការ​ទប់ស្កាត់ ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ រក្សា​សណ្តាប់ធ្នាប់ សុខសន្តិភាព​សង្គម ពិសេស​ការចុះ​ចែក​អំណោយ​សង្គ្រោះបន្ទាន់​ដល់​ពលរដ្ឋ​នៅក្នុង​តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់៕

#អរគុណសន្តិភាព