អ្នកស្រុក​ចង់​គាំង!  ប្រទះឃើញ​សាកសព​ជិត ១០០ អណ្ដែត​ទើរ​លើ​ច្រាំងទន្លេ​គង្គា ប្រទេស​ឥណ្ឌា អាចជា​អ្នកស្លាប់​ដោយសារ​កូ​វីដ

​ឥណ្ឌា៖ ប្រទះឃើញ​សាកសព​ជាច្រើន​សិប ឬ​ប្រហែលជា​ជិត ១០០សាកសព អណ្ដែត​មក​ទើរ​លើ​មាត់ច្រាំង​នៃ​ដង​ទន្លេ​គង្គា នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា និង​គេ​ជឿថា សាកសព​ទាំងនោះ គឺជា​ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី។ នេះ​បើតាម​ការ​ឱ្យដឹងពី​អាជ្ញាធរ និង​សារព័ត៌មាន​ក្នុង​តំបន់ កាលពី​ថ្ងៃ​ចន្ទ ទី10 ឧសភា​ម្សិលមិញ។

ជំងឺ​រាតត្បាត​ដ៏​ធំ​មួយ​នេះ កំពុង​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅក្នុង​តំបន់​ជនបទ​ដ៏​ធំ​មហាសាល​របស់​ប្រទេស​ឥណ្ឌា បណ្ដាលឱ្យមាន​អ្នកជំងឺ​ហៀរហូរ​មន្ទីរពេទ្យ ប្រព័ន្ធ​សុខភាព​សាធារណៈ​ស្ទើរតែ​ដួលរលំ ចំណែក​ទី​បូជាសព និង​កន្លែង​បញ្ចុះសព ក៏ត្រូវ​ចាត់ការ​ជាមួយ​សាកសព​ដ៏​ច្រើន ទាំងថ្ងៃទាំងយប់។

លោក អា​សូក គូ​ម៉ា មន្ត្រី​ក្នុង​តំបន់ បាន​ប្រាប់​ឱ្យដឹងថា អាជ្ញាធរ បាន​ប្រទះឃើញ​សាកសព​មនុស្ស​ប្រមាណ​ជា ៤០នាក់ អណ្ដែត​មក​ទើរ​លើ​មាត់ច្រាំង​ទន្លេ​គង្គា ក្នុង​តំបន់​វូ​បារ ជិត​តំបន់​ព្រំដែន​រវាង​រដ្ឋ​ភិ​ហាន ជាមួយ​រដ្ឋ​ឧតៈរៈ​ប្រាថេត  ជា​រដ្ឋ២ ដែល​ទីទ័លក្រ​ជាងគេ​បំផុត របស់​ប្រទេស​ឥណ្ឌា។

 

 

លោក​គូ​ម៉ា បាន​ថ្លែងថា “យើង​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់ការ​សាកសព​ទាំងនោះ​ហើយ ទាំង​កប់ ឬ​មិន​ទេ ក៏​ដុត​បូជា​សាកសព​ទាំងនោះ​តែម្ដង”

តែ​យ៉ាងណាក្ដី ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន បាន​រាយការណ៍​ថា ចំនួន​សាកសព​មនុស្ស ដែល​ប្រទះឃើញ​អណ្ដែត​មក​ទើរ​លើ​មាត់ច្រាំង​ទន្លេ​គង្គា​នោះ អាចមាន​ចំនួន​ច្រើន​ដល់​ទៅ ១០០សាកសព​ឯណោះ។

របាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន បាន​អាង​លើ​ពាក្យ​សម្ភាស​របស់​អាជ្ញាធរ​ផ្សេងទៀត ដែល​បាន​បញ្ជាក់ថា សាកសព​ខ្លះ​ឡើង​ហើម ដែល​បញ្ជាក់​ឱ្យដឹងថា អាច​អណ្ដែត​នៅក្នុង​ទន្លេ យូរថ្ងៃ​ហើយ។

ពួក​អ្នកស្រុក បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​ពួកគេ​ជឿថា សាកសព​ទាំងនោះ ត្រូវបាន​បោះ​ចូលទៅក្នុង​ទន្លេ ព្រោះថា មាន​សាកសព​ច្រើន ហៀរហូរ​ទី​បូជា ឬ​មិន​ទេ ក៏​បណ្ដាលមកពី​សាច់ញាតិ មិនអាច​រក​ឈើ​យកមក​គរ​ធ្វើជា​ភ្នក់ភ្លើង សម្រាប់​ដុត​បូជា​សាកសព​បាន។ “វា​ជា​រឿង​គួរឱ្យ​ភ័យខ្លាច​ខ្លាំងណាស់ សម្រាប់​ពួកយើង”

តាមរយៈ​ស្ថិតិ​ជា​ផ្លូវការ នៅពេលនេះ មាន​មនុស្ស​ច្រើនជាង ៤ ០០០នាក់​ហើយ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ-19 ក្នុង ថ្ងៃៗនៅក្នុង​ប្រទេស​ឥណ្ឌា និង​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ សរុប បាន​កើន​ឡើងដល់​ជិត 250,000នាក់​ហើយ។

 

 

យ៉ាងណាក្ដី យោងតាម​ភ័ស្តុតាង​ពី​ទី​បូជាសព​នៅតាម​កន្លែងផ្សេងៗ ពួក​អ្នកជំនាញការ ជឿថា តួលេខ​អ្នកស្លាប់​ប្រចាំថ្ងៃ​ដែល​ពិតប្រាកដ ប្រហែលជា​ខ្ពស់ជាង​នេះ ច្រើនដង​ណាស់ ជាពិសេស​នៅពេលនេះ ករណី​អ្នក​ឆ្លង​មេរោគ​រលក​បច្ចុប្បន្ន បាន​រាលដាល​សាយភាយ​ចេញទៅ​ក្រៅ​ទីក្រុងធំៗនានា ទៅកាន់​ទីជនបទ ដែនដី​អ្នក​ទីទ័លក្រ ដែលមាន​មន្ទីរពេទ្យ​មិន​ច្រើន និង​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា​ខ្លាំងណាស់៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព