រក​ដើមហេតុ​ឃើញ​ហើយ! ឡានពេទ្យ “ដឹក​សាកសព​អ្នកជំងឺ​កូ​វីដ” ទៅ​ចោល​ក្នុង​ទន្លេ​គង្គា ខណៈ​សាច់ញាតិ​គ្មាន​លុយ​ទិញ​អុស​ដុត​បូជា

បរទេស៖ នៅ​ថ្ងៃទី13 ឧសភា​នេះ សារព័ត៌មាន Daily Mirror បាន​រាយការណ៍ ពី​ចរន្ត​នៃ​ការរិះគន់​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​ឥណ្ឌា ករណី​រកឃើញ​សាកសព​អ្នកស្លាប់​ដោយសារ​កូ​វីដ-19 ដ៏​ច្រើន អណ្ដែត​មក​ទើរ​លើ​មាត់ច្រាំង​ទន្លេ​គង្គា កាលពី​ប៉ុន្មាន​ថ្ងៃមុន។

ថ្មីៗនេះ ស្រាប់​តែមាន​ឃ្លី​ប​វីដេអូ​រឿង​ដែល​មិនគួរ​កើតឡើង​នេះ ត្រូវបាន​ផូ​ស្ត​នៅក្នុង​បណ្ដាញ​សង្គម បង្ហាញឱ្យឃើញ​ពី​រូបភាព​អ្នកបើករថយន្ត​ពេទ្យ កំពុង​យក​សាកសព​មនុស្ស​មួយចំនួន ចេញពី​ក្រោយ​រថយន្ត ទៅ​បោះចោល​នៅក្នុង​ទន្លេ​គង្គា នៅក្នុង​ទីក្រុង​កៈ​ទី​ហាន រដ្ឋ​ភិ​ហាន ដែល​រដ្ឋបាល​ក្នុង​តំបន់​បាន​បញ្ជាក់ថា បាន​ប្រទះឃើញ​សាកសព​អណ្ដែត​មក​ទើរ​នៅ​មាត់ច្រាំង​ទន្លេ យ៉ាងតិច ៧១នាក់។

លោក ឆ​ណា​ថា​ន ស៊ី​ឃិ​វ៉ាល់ សមាជិកសភា​រដ្ឋ​ភិ​ហាន បាន​ថ្លែង​អះអាងថា សាកសព​មនុស្ស​ដែល​ប្រទះឃើញ​នៅ​មាត់ច្រាំង​ទន្លេ​គង្គា គឺជា​ទង្វើ​របស់​បុគ្គលិក​បើកបរ​រថយន្ត​ពេទ្យ។ ចំណែកឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់ បាន​រាយការណ៍​ថា សាកសព​ត្រូវបាន​នាំយកមក​បោះចោល ដោយសារតែ​ក្រុមគ្រួសារ​អ្នកស្លាប់ គ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទិញ​ឈើ ដើម្បី​ធ្វើ​ពិធី​ដុត​បូជា ខណៈ​រដ្ឋបាល​ទីក្រុង​កៈ​ទិ​ហាន បាន​ថ្លែងថា កំពុង​ជំរុញ​ការត្រួតពិនិត្យ​ឃ្លី​ប​វីដេអូ​នេះ និង​អង្គភាព​ដែល​ពាក់ព័ន្ធ​នឹង​ការដឹក​សាកសព​យកទៅ​បោះចោល​ក្នុង​ទន្លេ​នេះ។

សម្រាប់​ស្ថានការណ៍​ជំងឺ​កូ​វីដ-19 ក្រសួងសុខាភិបាល​នៃ​ប្រទេស​ឥណ្ឌា បាន​បញ្ជាក់ថា រកឃើញ​អ្នក​ឆ្លង​ជំងឺ​ថែមទៀត ៣៦២ ៤០៦នាក់ ក្នុងអំឡុង ២៤ម៉ោង កាលពី​ថ្ងៃទី១២ ឧសភា បណ្ដាលឱ្យ​ចំនួន​អ្នកជំងឺ​សរុប កើនឡើង​ដល់ ២៣,៧លាន​នាក់ និង​ស្លាប់ ២៥៨,៣៥១នាក់៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រេ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព